ឯកឧត្ដម សក់ សេដ្ឋា វាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាឃុំ មកពីបក្សប្រជាជនទូទាំងស្រុកបវេល ដែលយកអស់កំលាំងកាយ ប្រាជ្ញាស្មារតី បំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកបវេល ដែលបានយកអស់កំលាំងកាយ ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការឃោសនា បោះឆ្ពោះជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបវេលខេត្តបាត់ដំបង នៅស្នាក់ការគណបក្សស្រុកបវេល នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម សក់ សេដ្ឋា បានបញ្ជាក់ថា «ខ្ញុំក៏សូមគោរពថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះ អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកបវេលដែលបាន យកអស់កំលាំងកាយ ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចបម្រើប្រជាជន ប្រកបដោយការទទួលខុស ត្រូវខ្ពស់និងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោតព្រឹទ្ធសភា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ ក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដោយបានកាន់ កាប់អសនៈចំនួន៥៥ លើអសនៈ៥៨ ដែលត្រូវបោះឆ្នោត» ។
ឯកឧត្ដមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានមានប្រសាសន៍ថា តាមរយៈជោគជ័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សរបស់យើង បានកាន់កាប់មុខតំណែងជាប្រធានព្រឹទ្ធសភា ដែលនឹងទទួលតួនាទីជាប្រមុខរដ្ឋស្តីទី ក្នុងពេលព្រះមហាក្សត្រទ្រង់អវត្តមាន។ ព្រមជាមួយនេះ ឥស្សរជនមកពីគណបក្សប្រជាជនកម្ពុជា ក៏បានកាន់កាប់មុខតំណែងជាអនុប្រធានទី១ អនុប្រធានទី២ នៃព្រឹទ្ធសភា និងប្រធានគណកម្មការនានានៃព្រឹទ្ធសភានីតិកាលទី៥ ផងដែរ។
ឯកឧត្ដម សក់ សេដ្ឋា គូសបញ្ជាក់ថា ក្នុងការដឹកនាំប្រទេសជាតិនារយៈពេលកន្លងមក គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយបានគាំទ្រ និងបង្កលក្ខណៈសម្បត្តិក្នុងការរៀបចំ ការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌យ៉ាងទៀងទាត់ តាមអាណត្តិកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ទាំងការបោះឆ្នោតសកលនិងអសកល ទាំងនៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ សំដៅពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋាន ក្នុងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពរយៈពេលវែង ៕


