ឯកឧត្ដម សក់ សេដ្ឋា៖ ក្នុងដំណាក់កាលដំបូងៗ ក្រោយពីរំដោះប្រទេសជាតិចេញពីរបបប៉ុលពត ក្រុមការងារចុះមូលដ្ឋាន បានចូលរួមជួយទប់ស្កាត់ការធ្វើសកម្មភាពរបស់កម្លាំង ប៉ុល ពត

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល បានថ្លែងឲ្យដឹងថា ក្នុងដំណាក់កាលដំបូងៗ ក្រោយពីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត ក្រុមការងារចុះមូលដ្ឋានបានចូលរួមជួយទប់ស្កាត់ការធ្វើសកម្មភាពរបស់កម្លាំង ប៉ុល ពត
ដែលបានធ្វើសកម្មភាពប្រដាប់អាវុធ បាញ់ប្រហារ រារាំងដល់ការវិលត្រលប់មកភូមិកំណើតរបស់ប្រជាជនវិញ។
ក្នុងឱកាសអញ្ជើញប្រកាសសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានស្រុកបវេល នៃខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សស្រុកបវេល នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា ចាប់តាំងពីប្រទេសជាតិ ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានបង្កើតក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ ដើម្បី ចុះពង្រឹងមូលដ្ឋាន និងចូលរួមជួយគាំទ្រ ដោះស្រាយសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្ដមបញ្ជាក់ថា «ក្នុងដំណាក់កាលដំបូងៗ ក្រោយពីរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត ក្រុមការងារចុះមូលដ្ឋានបានចូលរួមជួយទប់ស្កាត់ការធ្វើសកម្មភាពរបស់កម្លាំង ប៉ុល ពតដែលបានធ្វើសកម្មភាពប្រដាប់អាវុធ បាញ់ប្រហារ រារាំងដល់ការវិលត្រលប់មកភូមិកំណើតរបស់
ប្រជាជនវិញ។ បន្ទាប់មក ក្រុមការងារចុះមូលដ្ឋានបានជួយគណបក្សធ្វើការពង្រឹងមូលដ្ឋានលើ
កិច្ចការសំខាន់ៗចំនួន ៣ គឺ ទីមួយ៖ ការទប់ស្កាត់ការប៉ុនប៉ងវាយដណ្តើមកាន់កាប់ភូមិ ឃុំរបស់កម្លាំង ប៉ុល ពត ដែលនៅសេសសល់, ទីពីរ៖ ការជំរុញការងារបង្កបង្កើនផលដើម្បីដោះស្រាយ ស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់តម្រូវការនៅតាមមូលដ្ឋាន និងក្នុងប្រទេស និងទីបី៖ ការកសាង កម្លាំង ដើម្បីធ្វើការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាព ប្រកបដោយភាពជាម្ចាស់ក្នុងការ គ្រប់គ្រងចាត់ចែងការងារនៅមូលដ្ឋាន»។
ឯកឧត្ដមបន្តថា ក្នុងពេលប្រទេសជាតិធ្វើការចចារបង្រួបបង្រួមជាតិ និងការត្រៀមរៀបចំការបោះឆ្នោតជាតិ ឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជានៅតែបន្តចាត់តាំងក្រុមការងារចុះមូលដ្ឋាន ដើម្បីពង្រឹង និងគាំទ្រដល់មូលដ្ឋានក្នុងការចូលរួមអនុវត្តកិច្ចការនយោបាយរបស់គណបក្សក្នុងដំណាក់កាល ទាំងនេះ ចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ និងសម្រេចបាន ដោយជោគជ័យនូវបេសកកម្មនានារបស់គណបក្សរហូតមកទល់សព្វថ្ងៃនេះ។
ការចាត់បញ្ជូនមន្ត្រីពីថ្នាក់ជាតិ ថ្នាក់ខេត្ត បង្កើតឡើងនូវក្រុមការងារចុះមូលដ្ឋានគឺជារបៀប របប បែបផែនបំពេញការងាររបស់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ឯកឧត្ដម សក់ សេដ្ឋា គូសបញ្ជាក់បន្ថែមថា ម្យ៉ាងទៀត ការចុះបំពេញការងារនៅតាមមូលដ្ឋានក៏ជាឱកាសដែលគណបក្សធ្វើការ ហ្វឹកហ្វឺនមន្ត្រីគណបក្សឱ្យចុះប្រឡូកការងារដោយផ្ទាល់ជាមួយប្រជាជន ជាមួយមន្ត្រីគណបក្ស នៅមូលដ្ឋាន ដើម្បីចិញ្ចឹមចលនានយោបាយ ការកសាងពង្រឹងអង្គការចាត់តាំងបក្ស ការពង្រឹង ពង្រីកសមាជិកបក្ស ធ្វើជាបង្អែកដ៏រឹងមាំរបស់គណបក្សគ្រប់កាលៈទេសៈ។ ទន្ទឹមនេះ ការចុះបំពេញការងារដោយផ្ទាល់នៅតាមមូលដ្ឋានរបស់ថ្នាក់ដឹកនាំ និងមន្ត្រី គណបក្ស គឺជាឱកាសដែលថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ បានស្រាវជ្រាវវាយតម្លៃដោយ ផ្ទាល់នៅមូលដ្ឋាន អំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនានារបស់គណបក្ស ដែលបាន ដាក់ចេញដើម្បីកែលម្អជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមមូលដ្ឋាននានាទូទាំង ប្រទេសថែមទៀត ៕

