ឯកឧត្តម មាស សោភ័ណ្ឌ បញ្ជាក់លម្អិតអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៤ថ្ងៃ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស សោភ័ណ្ឌ អ្នកននាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់លម្អិតអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
តបតាមការអញ្ជើញរបស់ ឯកឧត្តម យួន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញអមដំណើរ សម្តេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យួន ស៊ក យ៉ល (Yoon Suk Yeol) ដែលនឹងពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។
ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារ មួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
បន្ថែមពីជំនួបទ្វេភាគីខាងលើ សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀត រួមមាន៖
១.ជំនួបជាមួយ ឯកឧត្តម ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋកូរ៉េ
២.ជំនួបសម្តែងការគួរសមចំពោះ ឯកឧត្តម គីម ជីនផ្សំ (Kim Jin-pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ
៣.ទទួលជំនួបសម្តែងការគួរសមដោយ ឯកឧត្តម ចុង អ៊ុ យុង (Chung Eui-yong) ប្រធានអង្គការ ICAPP
៤.អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ
៥.ទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ ពីបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួន ដែលវិនិយោគរលើ វិស័យឧស្សាហកម្មគ្រឿងយន្ត គ្រឿងបង្គំអេឡិចត្រូនិច ធនាគារនិងហិរញ្ញវត្ថុ ផ្សារទំនើប អចលនទ្រព្យ សំណង់និងស្ថាបត្យកម្ម បច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ផលិត និងផ្គត់ផ្គង់ឱសថ និងសម្ភារៈបរិក្ខា វេជ្ជសាស្ត្រ ជាដើម។ល។
ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ សហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។
តាមការគ្រោងទុក សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ៕
