គណៈប្រតិភូក្រសួងអប់រំកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសិង្ហបុរី
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៧-១១ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា រួមជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍអាស៊ី បានចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ នៃប្រទេសសិង្ហបុរី។
ដំណើរទស្សនកិច្ចនេះ ជាផ្នែកមួយនៃការកែលម្អគុណភាពនៃការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់កម្រិតមធ្យមសិក្សា តាមរយៈគម្រោង STEP UP។
គណៈប្រតិភូ ដឹកនាំដោយឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបជាមួយថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ នៃប្រទេសសិង្ហបុរី ក៏ដូចជាទស្សនាពិព័រណ៍ឧបករណ៍វិទ្យាសាស្ត្រ និងកម្មវិធីពាក់ព័ន្ធនឹងការលើកកម្ពស់ចំណាប់អារម្មណ៍របស់សិស្សានុសិស្ស លើការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕