ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងទទួលបានការបញ្ចុះតម្លៃ ២០% រយៈពេល ៦ខែបន្តទៀត

ភ្នំពេញ៖ ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រនិងប្រើប្រាស់ផ្លូវល្បឿនលឿន ជួយដល់កំណើនសេដ្ឋកិច្ច ព្រមទាំងជួយជម្រុញដល់វិស័យដឹកជញ្ជូននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តធ្វើការបញ្ចុះតម្លៃ២០% ក្នុងលក្ខខណ្ឌផ្សេងៗគ្នាជូនអតិថិជនដែលធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ការបញ្ចុះតម្លៃនេះបានបែងចែកចេញជាដំណាក់កាលនិងតាមគោលការណ៍ដូចជា៖
១- បន្តរក្សាការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR ដែលគិតចាប់ពីថ្ងៃប្រកាសសេចក្តីជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៤៖០០នាទី។ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០០៖០០នាទី ថ្លៃសេវាធ្វើដំណើរនឹងត្រឡប់មកតម្លៃដើមវិញ។
២- ចំពោះការទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) នឹងត្រឡប់តម្លៃសេវាធ្វើដំណើរមកតម្លៃដើមវិញចាប់ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០០៖០០នាទី។
៣-ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះតទៅសាធារណជនគ្រប់រូបនឹងអាចបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃបាន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន ២០ដុល្លារ។ សាធារណជនគ្រប់រូបអាចធ្វើការស្នើសុំឧបករណ៍ ETC បាននៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿន លឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្មETCដែលមានទីតាំងនៅខាងស្តាំដៃបញ្ចរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។ ក្រុមហ៊ុនសូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់គ្នាបំពាក់ឧបករណ៍ ETCឱ្យបានកាន់តែច្រើន ដើម្បីទទួលបានការបញ្ចុះតម្លៃបង្កើនប្រសិទ្ធិភាពចរាចរណ៍ និងកាត់បន្ថយការកកស្ទះ។
៤- ការអនុគ្រោះផ្សេងៗសម្រាប់ភ្ញៀវ VIP មិនទទួលផលប៉ះពាល់ពីគោលការណ៍ខាងលើឡើយ ដោយក្រុមហ៊ុននឹងបន្តរក្សាការអនុគ្រោះតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា៕

