សហភាពអឺរ៉ុប សន្យាបន្តជួយកម្ពុជាលើការឆ្លើយតបទៅនឹងបញ្ហាសកលនៃការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ យោងតាមហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងថា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិច ឯកឧត្តម ស៊ុំ ធី អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា-សហភាពអឺរ៉ុប។
ឯកឧត្តម ស៊ុំ ធី បានធ្វើបទអន្តរាគមន៍អំពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) ដែលជាកម្មវិធីដ៏មានសារៈសំខាន់មួយជួយរាជរដ្ឋាភិបាល ក្នុងការរៀបចំ និងជំរុញការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុ NDC និងយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ។
ឯកឧត្តម ក៏បានជម្រាបជូនភាគីសហភាពអឺរ៉ុបអំពីសមិទ្ធផលសំខាន់ៗជាច្រើនដែលសម្រេចបានក្រោមកម្មវិធីនេះ។ ឯកឧត្តម ក៏បានស្នើឱ្យភាគីសហភាពអឺរ៉ុបបន្តគាំទ្រក្នុងការជំរុញសកម្មភាពអាកាសធាតុនៅកម្ពុជា។
ភាគីសហភាពអឺរ៉ុបបានលើកឡើងអំពីគោលនយោបាយសំខាន់ៗរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនិងបញ្ហាប្រែប្រួលអាកាសធាតុ និងបានឆ្លើយតបដោយវិជ្ជមានលើសំណើរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាសកលនេះ៕
