រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តក្រចេះ មានភ្ញៀវទេសចរមកលេងកម្សាន្តជាង៧មុឺននាក់
ភ្នំពេញ៖ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្តក្រចេះ សរុបប្រមាណ ៧២,៤៥២នាក់ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤។
ក្រៅពីមានការរៀបចំនៅតាមរមណីយដ្ឋាននានា សម្រាប់ទទួលភ្ញៀវទេសចរណ៍ទៅកម្សាន្ត នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ នៅតាមទីវត្តអារាមក៏ដូចជាសាលារៀន និងតាមតំបន់ទីប្រជុំជនផ្សេងៗ អាជ្ញាធរនៅតាមមូលដ្ឋានក៏មានការរៀបចំសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីនិងមានការលេងល្បែងកម្សាន្ដប្រពៃណីជាច្រើន។
រមណីយដ្ឋានដែលភ្ញៀវទេសចរទៅលេងកម្សាម្ដច្រើនជាងគេ ក្នុងចំណោមរមណីយដ្ឋាននានាក្នុងខេត្ត គឺរមណីយដ្ឋានទឹកជួរកាំពី, រមណីយដ្ឋានអន្លង់ផ្សោតកាំពី, សហគមន៍អេកូរទេសចរណ៍ឆ្នេរខ្សាច់កោះទ្រង់, រមណីយដ្ឋានភ្នំសំបុក, រម្មណីយដ្ឋានភ្នំសុពណ៌កាឡី, ឆ្នេរខ្សាច់មុខព្រះវិហារធំសសរ១០០, រមណីយដ្ឋានកោះព្រហ្មចារី, រមណីយដ្ឋានកោះសាមសិប។
ជាមួយគ្នានេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ អាជ្ញាធរខេត្តក្រចេះបានរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមវត្តអារាម សាលារៀន សរុបចំនួន៧០ទីតាំង ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករខុសប្លែកពីឆ្នាំមុនៗ ៕