ឯកឧត្តម កែ កឹមយ៉ាន អញ្ជើញចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ វឌ្ឍនៈភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យចំនួន៣ស្រុក ក្រុងត្រូវបានឯកឧត្តម កែ កឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយករងខុទ្ទកាល័យអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកយឹម ប៉ុនរ៉ុមប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យ កាលពីពេលថ្មីៗន្លងទៅនេះ ។
លោក យឹម ប៉ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាកថា៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យរួមមាន៖១ -អាងទឹកកន្សែង ស្ថិតក្នុងឃុំ សឹង្ហ ស្រុកអូរជ្រៅ- ភ្លឺទំនប់អាងប្រវែង ៧,១២០គម – ផ្ទៃអាងមានទំហំ៨៣០ហិតា – បរិមាណទឹក ២២ ៨០០ ០០០ម៣ – លទ្ធភាពស្រោចស្រពស្រូវវស្សា ៦៣៦០ហិតា – លទ្ធភាពស្រោចស្រពស្រូវប្រាំង ១៣១០ហិតា ។២- អាងទឹកពង្រ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត – ភ្លឺទំនប់អាង ប្រវែង ៦,២៣គម – ផ្ទៃអាងមានទំហំ ៤៥៦,៨ហិតា – បរិមាណទឹក ៧ ៩០០ ០០០ម៣ – លទ្ធភាពស្រោចស្រពស្រូវវស្សា ២៦០០ហិតា – លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិតា ។៣- អាងទឹកវាំងហែង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ -ភ្លឺទំនប់អាងប្រវែង ៧,០១គម – ផ្ទៃអាងមានទំហំ ៣៤០ហិតា – បរិមាណទឹក ៦ ៩០០ ០០០ម៣- លទ្ធភាពស្រោចស្រោពស្រូវវស្សា ២៥៧០ហិតា – លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិតា ។
លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានមានប្រសាសន៍បន្តបញ្ជាក់ថា៖ ទំនប់អាងទឹកដែលមានសរុបប្រវែងសរុប ២០,៣៦គ.ម និងស្តារប្រឡាយមេ៦ខ្សែ មានប្រវែងសរុប ៨៧,៦០គ.ម ក្នុងនោះមានចាក់បេតុងប្រវែង៤០,១៦០គម និងសាងសង់សំណង់សិល្បៈការចំនួន២០៧កន្លែង លទ្ធផលកំពុងអនុវត្ត និងសម្រេចបានចំនួន ៤០.៩០% ធៀបទៅនឹងទំហំការងារ ឭនៃគម្រោងទាំងមូល។
បន្ទាប់ពីការចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្ររួចមកឯកឧត្តមគណៈប្រតិភូបានអញ្ជើញបន្តចុះពិនិត្យការរៀបចំតុបតែងវត្តដុកអារញ្ញ ដើម្បីត្រៀមទទួលអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤នៅថ្ងៃខាងមុខនេះផងដែរ៕

