គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន៣២៣គ្រួសារ

ភ្នំពេញ៖ លោកជំទាវ ជា ផល្គុន ជា សុមេធី ប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានកិត្តិយស ក្រុមការងារយេនឌ័រ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ សប្បុរសជន និងវិស័យឯកជន បាននាំយកអំណោយចែកជូនប្រជាពរដ្ឋក្រីក្រ និងងាយរងគ្រោះ នៅក្នុងភូមិទាំង៤ នៃក្រុងតាខ្មៅ សរុបន៣២៣គ្រួសារ ។
ពិធីនេះបានប្រព្រឹត្តទៅស្របនឹងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ។
លោកជំទាវ ជា ផល្គុន បានឲ្យដឹងថា សកម្មភាពនេះ បានបង្ហាញពីការខិតខំយកចិត្តទុក របស់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដល់កុមារ និងក្រុមគ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះ ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់ ជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវ កម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលដឹកនាំអនុវត្តដោយ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមូលនិធិជាតិជំនួយសង្គម ជាប្រតិបត្តិករ។ កម្មវិធីនេះដែរ គឺបានសមាហរណកម្មកម្មវិធី ចំនួន៤បញ្ចូលគ្នារួមមាន ១. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ២. កម្មវិធី អាហារូបករណ៍សម្រាប់សិស្សក្រីក្រ នៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនជនមានពិការភាព និង៤. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការ ឧបត្ថម្ភគោលសម្រាប់គ្រួសារ និងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ដែល នឹងចាប់ផ្តើមអនុវត្តជាផ្លូវការ នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤តទៅ។
លោកជំទាវ ក៏បានអរគុណដល់ អង្គការដៃគូកម្ពុជា និងសមាគមកុមារនៃក្តីសង្ឃឹមកម្ពុជាដែលកំពុង និងបន្តចូលរួមជួយផ្តល់សេវាគាំទ្រដល់កុមារ និងគ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះ ដោយមនុស្សធម៌ សប្បុរសធម៌ជាប្រចាំ។ ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្ររបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសមាគម និងសប្បុរសជនទាំងអង្គការជាតិ និងវិស័យឯកជនដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយក្ដីស្រឡាញ់ និងស្នាមញញឹម។
សូមបញ្ជាក់ដែលថា អំណោយដែលត្រូវចែកជូន ក្នុង១គ្រួសារៗ ទទួលបាន អង្ករ៧គីឡូក្រាម មីយើង១កេស ទឹកសុទ្ធ១កេស ត្រីខកំប៉ុង១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងអាហារសម្រន់១ប្រអប់ផងដែរ៕

