រដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ ចុះ MoU លើគម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈ

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) របស់ប្រទេសកូរ៉េ បានសម្រេចផ្តល់ជំនួយលើវិស័យសុខាភិបាលជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាពលរដ្ឋនៅខណ្ឌដង្កោ។
ពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាស្តីពី «គម្រោងលើកកម្ពស់សេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ» រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ រវាងឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោកជំទាវ Yung Yeon SHIN អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការសម្រេចឱ្យមានកាេសាងសង់មន្ទីរពេទ្យបង្អែកដង្កោ ក្រោមការជួយឧបត្ដមពី KOICA គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងប្រជាជនកូរ៉េ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យរីកចម្រើន ហើយនេះក៏បង្ហាញឱ្យឃើញពីការរិតចំណងសាគ្គីភាព ទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំផងដែរ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា ការសម្រេចជ្រើសរើសយកខណ្ឌដង្កោ ដើម្បីសាងសង់មន្ទីរពេទ្យបង្អែកនេះ គឺដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានមើលឃើញថាទីតាំងនេះល្អមានរោងចក្រ សហគ្រាស កម្មករ និងប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាច្រើននៅទីនេះ ហើយនៅឆ្នាំ២០២៥ខាងមុខនេះ ព្រលានយន្តហោះថ្មីនៅក្បែរទីតាំងនេះ ក៏នឹងត្រូវបើកដំណើរការផងដែរ ដែលធ្វើឱ្យតំបន់នេះ ពោពេញទៅដោយមនុស្សរស់នៅច្រើន ខណៈដែលខណ្ឌដង្កោនេះមានតែមន្ទីរពេទ្យថ្នាក់ជាតិតែមួយសម្រាប់ព្យាបាលជំងឺមហារីក។
លោកជំទាវ Yung Yeon SHIN បានលើកឡើងផងដែរថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) បានបង្កើតឡើងនៅកម្ពុជា ក្នុងឆ្នាំ២០០៣ បានជួយប្រទេសកម្ពុជា បានចំនួន១៣គម្រោងហើយ ដែលមានទឹកប្រាក់ប្រមាណ ៨៣លានដុល្លារអាមេរិក ហើយគម្រោងសាងសង់អគារមន្ទីរពេទ្យកុមារជាតិនៅក្នុងឆ្នាំ២០០៥ ក៏ស្ថិតក្នុងគម្រោងនេះផងដែរ។ សម្រាប់ការជួយសាងសង់មន្ទីរពេទ្យបង្អែកដង្កោនេះ គឺជាគម្រោងទី១៤ របស់ KOICA ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង ៕
