មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក អញ្ជើញចូលរួមកម្មវិធីផ្លាស់ប្តូរចំណេះដឹងអាស៊ីប៉ាស៊ីហ្វិក
ភ្នំពេញ៖ នៅថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួម កម្មវិធីផ្លាស់ប្តូរចំណេះដឹងអាស៊ីប៉ាស៊ីហ្វិក(APKE) ដែលរៀបឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងមូលនិធិវិនិយោគអាកាសធាតុ (CIF)។
សូមជម្រាបថា កម្មវិធីរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីបេសកជនបម្រែបម្រួលអាកាសធាតុ ឯកឧត្តម Warren Evans តំណាងធនាគារអភិវឌ្ឍន៍អាស៊ីមកពីទីស្នាក់ការកណ្តាល លោកជំទាវ Jyotzanna Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោកជំទាវ Tariye Gbadegesin នាយិកាមូលនិធិវិនិយោគអាកាសធាតុ(CIF) ប្រចាំនៅទីស្នាក់ការកណ្តាលក្នុងទីក្រុងវាស៊ីងតោនសហរដ្ឋអាម៉េរិក ឯកឧត្តមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុប្រទេសសាម័រ និងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ និងអគ្គលេខាធិការរង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ព្រមទាំងបណ្តាប្រទេសជាសមាជិកដទៃទៀតរបស់ ADB និងCIF ចំនួន ១៤ ប្រទេស និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូបទៀតមកពីស្ថាប័ន ADB និងCIF។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា ការរៀបចំកម្មវិធីផ្លាស់ប្តូរចំណេះដឹងអាស៊ីប៉ាស៊ីហ្វិក(APKE) នាពេលនេះគឺ ផ្តល់នូវកាលានុវត្តភាពពិសេសៗសម្រាប់ធ្វើការផ្លាស់ប្តូរមតិយោបល់ក្នុងរៀបចំនូវផែនការយុទ្ធសាស្រ្ត និងគម្រោងថវិកាដ៏មានប្រសិទ្ធភាពខ្ពស់ប្រកបដោយស័ក្តិសិទ្ធិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងរក្សាឱ្យខាងតែបាននូវបរិស្ថានធម្មជាតិស្រស់បំព្រង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម និងបរិស្ថានប្រកបដោយនិរន្តរភាពធានាបាននូវសន្តិសុខសុវត្ថភាពទឹកសម្រាប់គ្រប់វិស័យទាំងអស់ជាកិច្ចការអាទិភាពបំផុត ៕

