ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសមាគមអតីយុទ្ធជនខេត្តកំពង់ចាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងជា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការសមាគមអតីយុទ្ធជនខេត្តកំពង់ចាម។
ក្នុងឱកាសនោះឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ក្រើនរំលឹក ដល់គ្រួសារអតីតយុទ្ធជន ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយប្រើប័ណ្ណ បសស ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យឲ្យបានទៀងទាត់។
បន្ថែមពីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មានសេចក្តីនឹករលឹក និងតែងតែខ្វល់ខ្វាយគិតគូរអំពីសុខ និងទុក្ខ អំពីជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន របស់យើងតាមរយៈឯកឧត្ដមតែងតែបានធ្វើរបាយការណ៍ ជូនសម្ដេចជាប់ជាប្រចាំ អំពីសុខទុក្ខ អំពីការលំបាក និងត្រូវដោះស្រាយបន្តអ្វីខ្លះ៕

