ក្រសួងអប់រំស្នើសុំឱ្យមានការ ចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកចែកចាយ និងផ្សព្វផ្សាយបារីអេឡិចត្រូនិក

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាស្នើសុំឱ្យមានការបិទទាំងស្រុងការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកតាមអនឡាញ និងរឹតបន្តឹងការហាមឃាត់ ដើម្បីបង្ការទប់ស្កាត់យុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិកនេះ ព្រោះវាបានបង្កផលប៉ះពាល់ដល់សុខភាព អនាគតយុវជន និងកុមារ។
ថ្លែងក្នុងសិក្ខាសាលាប្រមូលព័ត៌មានបន្ថែមលើស្ថានភាពទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមយុវជនតាមគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញនារសៀលថ្ងៃពុធ ទី២៧ខែមីនា ឆ្នាំ២០២៤ក្រសួងអប់រំ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ក្រសួងអប់រំបានដាក់ចេញថា គ្រឹះស្ថានសិក្សាមួយជាតំបន់សុវត្ថិភាពសុខសាន្តមួយ ។ ដូច្នេះ អ្នកពាក់ព័ន្ធជាពិសេសលោកគ្រូអ្នកគ្រូអាណាព្យាបាលត្រូវរួមគ្នាត្រូវចូលរួមស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាពដើម្បីធ្វើឱ្យសង្គមជាតិយើងមានចៀសផុតពីគ្រឿងញៀន ចៀសផុតពីគ្រោះថ្នាក់សិក្សាផ្នែកសុខភាពសុខភាពសិក្សា ក៏ដូចជាសណ្តាប់ធ្នាប់សង្គមដែលបង្កឡើងដោយបារីអេឡិចត្រូនិក។
លោកជំទាវបញ្ជាក់ថា ៖ « រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកបារីអេឡិចត្រូនិក គឺជាឧបករណ៍មួយដែលអាចយកមកប្រើប្រាស់គ្រឿងញៀន បាន។ ទោះបីជាមិនប្រើគ្រឿងញៀន ! ក៏ប៉ុន្តែសារធាតុប្រើប្រាស់ក្នុងឧបករណ៍បារីអេឡិចត្រូនិកនេះ គឺវាបានបំផ្លាញសុខភាពដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសម្បទាទាំងប្រាំរបស់កុមារយុវជន និងប្រជាប្រជាជនកម្ពុជាទាំងមូល។»
ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងអនុសាសន៍មួយចំនួនក្នុងការបង្ការយុវជនកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមសិស្សានុសិស្ស និងយុវជន ដូចជា៖
ក្រសួង ស្ថាប័នមានសមត្ថកិច្ច រួមមានក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ជាពិសេសការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមជាអាទិ៍ ហ្វេសប៊ុក ទិកតុក អ៊ីនស្ត្រាក្រាម តេឡេក្រាម ដែលជាប្រភពចម្បងនៃការចែកចាយបារីអេឡិចត្រូនិកដល់កុមារនិងយុវជនវ័យក្មេង។
ស្ថាប័នមានសមត្ថកិច្ច គប្បីពង្រឹងវិធានការហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី (HTPs) គ្រប់ប្រភេទ។ អាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ខណ្ឌ ស្រុក ឃុំ សង្កាត់ គប្បីពិនិត្យលទ្ធភាពពង្រឹងវិធានការគ្រប់គ្រងការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី (HTPs) ក្នុងគោលបំណងបង្ការធនធានយុវជននិងកុមារ ពីការបំផ្លាញសុខភាពនិងអនាគតរបស់ពួកគេដោយផលិតផលនេះ។
ការលើកឡើងអនុសាសន៍បែបនេះ ដោយយោងទៅតាមការសិក្សាស្រាវជ្រាវមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុងឆ្នាំ ២០២៣ បានបង្ហាញថា ៨២% នៃអ្នកចូលរួមសម្ភាសន៍បានប្រាប់ថា ពួកគេធ្លាប់ឃើញគេជក់បារីអេឡិចត្រូនិក ហើយភាគច្រើនពួកគេឃើញអ្នកជក់បារីអេឡិចត្រូនិកនៅតាមហាងកាហ្វេ/ភោជនីយដ្ឋាន និងសួនសាធារណៈ។ ក្នុងចំណោមអ្នកសម្ភាសន៍ទាំងអស់ មាន៤០%បានឆ្លើយថា មិត្តភក្តិរបស់ពួកគេជាអ្នកជក់បារីអេឡិចត្រូនិកផ្ទាល់ ហើយភាគច្រើននៃមិត្តភក្តិរបស់ពួកគេមានមុខរបរជាសិស្សនិស្សិត។ ទន្ទឹមនោះ តាមរយៈចម្លើយផ្តល់សម្ភាសន៍ក៏បានបង្ហាញថា ភាគច្រើនលើសលប់នៃមិត្តភក្តិដែលបានប្រើប្រាស់បារីអេឡិចត្រូនិកមាន អាយុចន្លោះពី១៥ឆ្នាំ ទៅ ២៩ឆ្នាំ ដែលសុទ្ធតែជាយុវជនបន្តវេនអភិវឌ្ឍប្រទេសជាតិ។
លោកវេជ្ជបណ្ឌិតមុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានធ្វើបទបង្ហាញថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត។ វាផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងការលូតលាស់រាងកាយរបស់កុមារ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យមានការចងចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល និង គ្លីសេរីនវាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង៕

