ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ឡាវ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ

ភ្នំពេញ៖ឯកឧត្ដម មាស សោភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាឱកាសនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹង មូលដ្ឋានគ្រឹះ ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
តាមរយៈសន្និសីទសារព័ត៌មាន នាថ្ងៃទី២៥ ខែមីនានេះ ឯកឧត្ដម មាស សោភ័ណ្ឌ បានមានប្រសាសន៍ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋ មន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ ២០២៤។
ឯកឧត្ដមបញ្ជាក់ថា «ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នាឱកាសនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹង មូលដ្ឋានគ្រឹះ ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ» ។
ឯកឧត្ដមបន្តថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរ សម្តេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួន រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។
ឯកឧត្ដមអ្នកនាំពាក្យ បានបន្ថែមថា ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចធិបតី នឹងមាន ជំនួបទ្វេភាគីជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយថ្នាក់ដឹកនាំទាំងពីរនឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ។ បន្ថែមពីកម្មវិធីជំនួបទ្វេភាគីខាងលើ សម្តេចធិបតី ក៏នឹងមានកម្មវិធី សំខាន់ៗមួយចំនួនទៀតដូចខាងក្រោម៖ ១. ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun SISOULITH) ប្រធាន រដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ២. ទទួលជំនួបសម្តែងការគួរសមដោយ ឯកឧត្តម ខាំបៃ ដាំឡាត (Khambai DAMLAT) ប្រធានសមាគមន៍ មិត្តភាពឡាវ-កម្ពុជា និង ៣. អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្លឹបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជា នៅសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្ដមលើកឡើងទៀតថា ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី ក៍នឹងអញ្ជើញទស្សនាកំពង់ផែស្ងួត ថាណាលែង (Thanaleng Dry Port) និងមជ្ឈមណ្ឌលភស្តុភារកម្មទីក្រុងវៀងច័ន្ទន៍ (Vientiane Logistics Park) ផងដែរ។
ឯកឧត្ដមគូសបញ្ជាក់ថា សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៣០ រសៀលនាទី ៕

