សង្ឃឹមថា អ្នកលក់ផលិតផលទាំងឡាយ គិតគូរពីអាយុជីវិត និងសុខភាពរបស់អ្នកប្រើជាធំ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា អ្នកលក់ផលិតផលទាំងឡាយ គិតគូរពីអាយុជីវិត និងសុខភាពអ្នកប្រើប្រាស់ជាធំ ។
នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល នៅតែចាត់ទុកសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជាកត្តាសំខាន់បំផុត។
សម្ដេចធិបតីបញ្ជាក់ថា «ជីវិត និងសុខភាពរបស់ប្រជាជនធំណាស់ ហើយខ្ញុំ សង្ឃឹមថា បងប្អូនដែលអ្នកលក់ផលិត ក៏យើងគិតដូចគ្នា។ កូនយើង ម្ដាយយើង ឪពុកយើង ទៅទិញថ្នាំ យើងទៅទិញថ្នាំ យើងរបស់ល្អ។ អញ្ចឹងយើងលក់ឱ្យគេ ក៏គិតដល់កូនគេ ឪពុកគេ ម្ដាយគេ ដែរ»។
សម្ដេចលើកឡើងថា បាតដៃក៏សាច់ ខ្នងដៃក៏សាច់ រាជរដ្ឋាភិបាល មានបន្ទុកទទួលខុសត្រូវទាំងអ្នកលក់ និងអ្នកប្រើប្រាស់ ហេតុនេះ រាជរដ្ឋាភិបាល មិនចង់ចេញវិធានការណ៍ណាមួយ ដែលនាំឱ្យប៉ះពាល់ពលរដ្ឋ ទាំងអ្នកលក់ផលិតផលឡើយ៕
