សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កូវីដ-១៩ អាចឲ្យយើងឃើញទាំងចំណុចខ្លាំង និងខ្សោយរបស់វិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កូវីដ-១៩ អាចឱ្យយើងឃើញទាំងចំណុចខ្លាំង និងខ្សោយរបស់វិស័យសុខាភិបាលរបស់កម្ពុជា ។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុប លទ្ធផលការងារសុខាភិបាលលើកទី៤៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នារសៀលថ្ងៃទី១៩ មីនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កូវីដ-១៩ អាចឱ្យកម្ពុជាវាយតម្លៃលើស្ថានភាពពីរចំពោះវិស័យសុខាភិបាលកម្ពុជា៖ ទី១ បង្ហាញឱ្យឃើញនូវសមត្ថភាពជាក់ស្ដែងរបស់មន្រ្ដីបុគ្គលិកសុខាភិបាល និងគ្រូពេទ្យនូវទូទាំងប្រទេសអំពីសមត្ថភាពជាក់ស្ដែងដែលជាកងទ័ពអាវសរបស់កម្ពុជា។ ទី២ បង្ហាញឱ្យឃើញនូវកម្រិតកង្វះខាតមួយចំនួនដូចជាធនធានមនុស្សនៅថ្នាក់ក្រោមជាតិ និងជំនាញនៃការប្រើប្រាស់សម្ភារៈជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីអភិវឌ្ឍសង្គមជាតិបន្តទៅមុខទៀត រាជរដ្ឋាភិបាលបន្តអភិវឌ្ឍនៅលើគ្រប់វិស័យទាំងអស់ ក្នុងនោះអាទិភាពចំបង គឺការផ្ដល់សេវាសុខាភិបាលឱ្យមានគុណភាព ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ជាពិសេសការពង្រឹងការ ផ្ដល់សេវាល្អនៅថ្នាក់ក្រោមជាតិ ដូជានៅតាមមណ្ឌលសុខភាពជាដើម ៕

