សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវតែល្អិតល្អន់ និងមាននិរន្តរភាពក្នុងការធ្វើ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលមិនធ្វើកិច្ចការត្រឹមមួយពេល ឬមួឆាវរបៀបជាភ្លើងចំបើងនោះទេ ហើយគ្រប់គោលនយោបាយ ត្រូវតែល្អិតល្អន់ និងមាននិរន្តរភាពក្នុងការធ្វើ។
ក្នុងពិធីបើកបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា យុទ្ធនាការទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ គឺមិនមែនធ្វើត្រឹមតែមួយឆ្នាំនេះទេគឺត្រូវតែធ្វើបន្តជារៀងរហូតហើយនិងទៅកាន់ខេត្តផ្សេងទៀតផងដែរ។
សម្ដេចធិបតី បញ្ជាក់ថា រាល់គោលនយោបាយគោលការណ៍នីមួយៗ របស់រដ្ឋាភិបាលគឺមានការគិតគូរ បានល្អិតល្អន់និងគ្រប់ជ្រុងជ្រោយ ហើយនិងមានការសហការជាមួយនឹងវិស័យឯកជន និងរដ្ឋាភិបាលបានយ៉ាងល្អ។ ដូច្នេះការងារមិនត្រូវធ្វើត្រឹមតែភ្លើងចំបើងនោះទេ គឺត្រូវតែមាននិរន្តរភាពក្នុងការធ្វើឲ្យសម្រេចជោគជ័យ។
កម្មវិធីពិសេសមួយ ដែលមានខ្លឹមសារ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” ត្រូវបានដាក់ចេញនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ ដែលអាចដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនជួបប្រទះប្រចាំថ្ងៃ ៕

