ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ចុះសាកសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ទៅចែកជូនពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ ៤គ្រួសារ

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក ឆាយ វាសនា ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យចំនួន៤គ្រួសារ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅម្តុំត្រឡោកបែក ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ។
នាខណៈនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំមកនូវការចូលរួមសោកស្តាយពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះទាំងអស់ និងសូមឱ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឱ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។
ទន្ទឹមនឹងនេះដែរ លោកក៏សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំធ្វេសប្រហែសត្រូវមានការប្រុងប្រយត័្នឱ្យបានខ្ពស់ចំពោះភ្លើងទានធូប ចង្ក្រាន ហ្គាស វត្ថុផ្សេងៗដែលងាយឆាបឆេះ និងការតបណ្តាញអគ្គិសនីប្រើប្រាស់ត្រូវរកអ្នកជំនាញបច្ចេកទេសមកតឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីគ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១
គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ត្រីខ៣យួរ ទឹកត្រី១យួរ មី១កេស ទឹកបរិសុទ្ធ២កេស តង់១ និងថវិកាចំនួន១០ម៉ឺនរៀល ៕

