អគ្គនាយករដ្ឋាករទឹកបាត់ដំបង លើកទឹកចិត្តឱ្យស្រ្តីខិតខំអភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសង្គម

ភ្នំពេញ៖ ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង បានលើកទឹកចិត្តឱ្យស្រ្តីខិតខំអភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសង្គម។
ការលើកឡើងរបស់ឯកឧត្តម អ៊ុត ក្លឹង បែបនេះក្នុងពេលអញ្ជើញសំណេះសំណាលជាមួយបុគ្គលិកនិយោជិតនារីនៃអង្គភាពរដ្ឋាករទឹកបាត់ដំបង ដើម្បីអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០២៤ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»ដែលពិធីនេះធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំអង្គភាពរដ្ឋាករទឹកបាត់ដំបង។
ឯកឧត្តម អ៊ុត ក្លឹង បានសម្តែងនូវការកោតសរសើរ និងសូមគាំទ្រការលើកយកប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»ដែលប្រធានបទនេះពិតជាមានសារសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ុត ក្លឹង លើកទឹកចិត្តឱ្យស្រ្តីខិតខំអភិវឌ្ឍន៍សមត្ថភាពជំនាញបច្ចេកវិទ្យាឌីជីថលដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសង្គម ខណៈរាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បាននិងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់ដើម្បីបណ្តុះបណ្តាល និងកសាងមូលធនមនុស្សលើវិស័យឌីជីថល។
ឯកឧត្តម អ៊ុត ក្លឹង បានណែនាំដល់ស្រ្តីជាបុគ្គលិកនិយោជិតនៃអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងត្រូវពង្រឹងការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយភាពទន់ភ្លន់ និងច្បាស់លាស់មិនត្រូវបង្កភាពថ្នាំងថ្នាក់ដល់អតិថិជននោះទេ។
ឯកឧត្តម អ៊ុត ក្លឹង ក៏បានថ្លែងការកោតសរសើរ និងគាំទ្រក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តភារកិច្ចដ៏ថ្លៃថ្លា ដើម្បីស្ត្រី និងក្មេងស្រី បានទទួលនូវកិច្ចការពារសិទ្ធិ និងផលប្រយោជន៍តាមរយៈនៃការទទួលស្គាល់ ផ្តល់តម្លៃ និងចាត់ទុកស្ត្រី និងក្មេងស្រីជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គម ព្រមទាំងជំរុញលើកទឹកចិត្តកសាង និងអភិវឌ្ឍន៍សមត្ថភាពស្រ្តី ក៏ដូចជាការផ្តល់ឱកាសឱ្យស្រ្តីចូលរួមប្រកបដោយសមភាព និងសមធម៌ក្នុងគ្រប់ការងារនៅគ្រប់វិស័យ៕
