ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យ ប្រជុំលើកទី៥៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យ ប្រជុំលើកទី៥៥ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។
ឥស្សរជនជាន់ខ្ពស់ជាង ១០០រូប មកពីបណ្តាប្រទេស និងអង្គការអន្តរជាតិជាច្រើន បានចូលរួម ក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំរួមទាំងប្រទេសសមាជិកអាស៊ានចំនួន ០៧ រួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។
កិច្ចប្រជុំកម្រិតខ្ពស់ផ្តល់នូវវេទិកាសម្រាប់រដ្ឋាភិបាល ឬ តំណាងរដ្ឋលើកឡើងពីកិច្ចការអាទិភាព សមិទ្ធផល និងការប្តេជ្ញាចិត្តដើម្បីដោះស្រាយបញ្ហាប្រឈមសិទ្ធិមនុស្ស។
សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៥៥ ប្រព្រឹត្តទៅពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ៕