នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត៖ កម្ពុជា ប្រកាន់របបទីផ្សារសេរី និងសមាហរណកម្ម នៅក្នុងពិភពលោក

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជាបានប្រកាន់ភ្ជាប់របបទីផ្សារសេរី និងសមាហរណកម្មក្នុងពិភពលោក ។
ក្នុងឱកាសអញ្ជើញសម្ពោធ ទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី បញ្ជាក់ថា «កម្ពុជា យើងប្រកាន់របបទីផ្សារសេរី និងសមាហរណកម្មនៅក្នុងពិភពលោក យើងត្រូវប្រកួតប្រជែង គេអត់ឲ្យយើង Free យើងចូលទៅក្នុងការចរចាពាណិជ្ជកម្ម សេរី គឺលុបចោលនូវវិធានការ មួយចំនួនដើម្បីការពារខ្លួនយើង ការពារឧស្សាហកម្មផ្ទៃក្នុង ដើម្បីយើងប្រកួតប្រជែងស្មើភាពគ្នា ចឹងដើម្បីប្រកួតប្រជែងបាន យើងត្រូវការធនធានមនុស្ស ដែលអាចជំរុញសេដ្ឋកិច្ចយើង និងការប្រកួតប្រជែងបាន»។
សម្ដេចមានប្រសាសន៍ថា កម្ពុជាបានកសាងធនធានមនុស្ស ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងទិសដៅទៅថ្ងៃអនាគត។ សម្ដេចថា ការកសាងធនធានមនុស្សរបស់កម្ពុជា គឺសំខាន់ដើម្បីអាចប្រកួតប្រជែង ជាមួយពិភពលោក។
សម្ដេចបន្ថែមថា កម្ពុជាបានដាក់ទិសដៅខ្ពស់ ដើម្បីខិតខំធ្វើយ៉ាងណាឲ្យ សម្រេចមហិច្ឆតារបស់ខ្លួន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕

