ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យជំរុញការកសាងច្បាប់ស្ដីពី អធិការកិច្ច ឲ្យចេញជារូបរាង នៅឆ្នាំនេះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យជំរុញការកសាងច្បាប់ ស្ដីពីអធិការកិច្ច ឲ្យចេញជារូបរាងនៅក្នុងឆ្នាំ២០២៤នេះ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ជំរុញច្បាប់ស្ដីពីអធិការកិច្ច ឲ្យចេញនៅក្នុងឆ្នាំ២០២៤នេះ ព្រោះច្បាប់នេះគោលធំ»។
សម្តេចធិបតី លើកឡើងថា បច្ចុប្បន្ននេះ ជំនាញអធិការកិច្ច នៅតាមក្រសួង-ស្ថាប័ន អត់មានអ្វីជាគោលរួមនោះទេ គឺយកផ្អែកទៅតាមជំនាញ ដោយខាងកសិកម្ម តាមច្បាប់មួយចំនួន របស់កសិកម្ម និងខាងផ្នែកផ្សេងៗ តាមច្បាប់់់មួយចំនួន ដោយអត់មានអ្វីជាគោលនោះទេ។ សម្ដេចគិតថា ក្រោយពីច្បាប់ស្ដីពីអធិការកិច្ចនេះ បានរៀបចំដាក់ចេញ នឹងអាចដោះស្រាយបញ្ហាច្រើន, ការបែងចែងភារកិច្ច និងការកំណត់ទិសដៅផ្សេងៗមួយចំនួន ៕