តម្រូវការមាសពិភពលោកបានព្យាករណ៍ថានឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤

រីយ៉ាដ៖ តម្រូវការមាសនៅទូទាំងពិភពលោកបានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំមុន ហើយវាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅឆ្នាំ២០២៤ នេះបើយោងតាមស្ថាប័នឧស្សាហកម្មមួយ។
ក្រុមប្រឹក្សាមាសពិភពលោកបានធ្វើការព្យាករណ៍នេះដោយសន្មតថា Federal Reserve នឹងឆ្ពោះទៅរកការកាត់បន្ថយអត្រាការប្រាក់ ដែលអាចជួយដល់តម្លៃ។
យោងតាមរបាយការណ៍នេះ តម្រូវការមាសសរុបនៅទូទាំងពិភពលោកបានកើនឡើងប្រហែល ៣ ភាគរយដល់ ៤,៨៩៩ តោនក្នុងឆ្នាំ២០២៣ ដែលជំរុញដោយតម្រូវការដ៏ខ្លាំងនៅក្នុងទីផ្សារគ្មានហាងឆេង។
ទោះជាយ៉ាងណាក៏ដោយ តម្រូវការមាសប្រចាំឆ្នាំដោយមិនរាប់បញ្ចូល OTC បានធ្លាក់ចុះ ៥ ភាគរយក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤,៤៤៨ តោន។
ការទិញលក់របស់ធនាគារកណ្តាលក៏បានរក្សាសន្ទុះនៅឆ្នាំ២០២៣ ជាមួយនឹងការទិញសុទ្ធប្រចាំឆ្នាំឈានដល់ ១,០៣៧ តោន ត្រឹមតែ ៤៥ តោនប៉ុណ្ណោះបើធៀបនឹងឆ្នាំ២០២២។
លោក Louise Street អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ WGC បានឲ្យដឹងថា តម្រូវការមិនផ្លាស់ប្តូរពីធនាគារកណ្តាលបានគាំទ្រតម្រូវការមាសម្តងទៀតនៅឆ្នាំនេះហើយបានជួយទូទាត់ភាពទន់ខ្សោយនៅក្នុងតំបន់ផ្សេងទៀតនៃទីផ្សារដោយរក្សាតម្រូវការឆ្នាំ២០២៣ ឱ្យបានល្អលើសពីមធ្យមភាគរយៈពេល ១០ ឆ្នាំ។
លោកបានបន្ថែមថា គោលនយោបាយរូបិយវត្ថុ ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ ជារឿយៗជាកត្តាជំរុញដ៏សំខាន់នៃតម្រូវការមាស ហើយនៅឆ្នាំ២០២៤ យើងរំពឹងថា វានឹងមានឥទ្ធិពលខ្លាំងលើទីផ្សារ។
លើសពីនេះ លោក Louise Street បានចង្អុលបង្ហាញថាភាពតានតឹងពាណិជ្ជកម្ម និងការបោះឆ្នោតជាង ៦០ ដែលធ្វើឡើងនៅជុំវិញពិភពលោកក៏នឹងលើកទឹកចិត្តអ្នកវិនិយោគឱ្យជ្រើសរើសមាសជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពនៅឆ្នាំ២០២៤។
យោងតាមរបាយការណ៍ ការវិនិយោគរបារ និងកាក់បានធ្លាក់ចុះបន្តិច ៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២៣ ខណៈពេលដែលការប្រើប្រាស់គ្រឿងអលង្ការបានកើនឡើង ៣ តោន បើទោះបីជាតម្លៃកាន់តែខ្ពស់ គាំទ្រដោយការស្ទុះងើបឡើងវិញនៃតម្រូវការរបស់ចិន។
ផលិតកម្មអណ្តូងរ៉ែមានភាពរាបស្មើក្នុងឆ្នាំ២០២៣ កើនឡើង ១ ភាគរយធៀបនឹងឆ្នាំ២០២៣។ ម្យ៉ាងវិញទៀត ការកែច្នៃមាសបានកើនឡើង ៩ ភាគរយ ដែលទាបជាងការរំពឹងទុក។ នៅឆ្នាំ ២០២៤ WGC រំពឹងថាការវិនិយោគសរុបនៅក្នុងមាសនឹងកើនឡើងខ្ពស់ជាងនេះ។
ប្រភព៖ Arab News
ប្រែសម្រួលដោយ៖ ឡាយ លីហួ
