តៃវ៉ាន់ខឹងនឹងការផ្លាស់ប្តូរឯកតោភាគីរបស់ចិនទៅកាន់ផ្លូវហោះហើរច្រកសមុទ្រតៃវ៉ាន់

តៃប៉ិ៖ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានសម្តែងការខឹងសម្បារបន្ទាប់ពីប្រទេសចិន ឯកតោភាគីបានផ្លាស់ប្តូរផ្លូវហោះហើរនៅជិតខ្សែបន្ទាត់មធ្យមដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយបញ្ជាក់ថា វាហាក់ដូចជាការប៉ុនប៉ងដោយចេតនាដើម្បីផ្លាស់ប្តូរស្ថានភាពសម្រាប់មធ្យោបាយយោធាដែលអាចមាន។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីល្ងាចថ្ងៃអង្គារថា ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ខ្លួនកំពុងលុបចោលវិធានការទូទាត់សម្រាប់ប្រតិបត្តិការភាគខាងត្បូងនៃផ្លូវហោះហើរ M៥០៣ ដែលស្ថិតនៅភាគខាងលិចនៃខ្សែបន្ទាត់មធ្យមរបស់ច្រកសមុទ្រ។
ខ្សែបន្ទាត់មធ្យមបានបម្រើការជារបាំងក្រៅផ្លូវការជាច្រើនឆ្នាំរវាងតៃវ៉ាន់ និងចិនដែលទាមទារដោយចិន ប៉ុន្តែចិនបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់អត្ថិភាពរបស់វាទេ ហើយយន្តហោះចម្បាំងរបស់ចិនឥឡូវនេះតែងតែហោះហើរពីលើវា ខណៈដែលទីក្រុងប៉េកាំងព្យាយាមដាក់សម្ពាធលើតៃប៉ិឱ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។
ប្រទេសចិនក៏បានឲ្យដឹងផងដែរថាខ្លួនកំពុងបើកផ្លូវហោះហើរពីខាងលិចទៅខាងកើត ម្យ៉ាងទៀតក្នុងទិសដៅរបស់តៃវ៉ាន់ នៅលើផ្លូវហោះហើរពីរពីទីក្រុង Xiamen និង Fuzhou របស់ចិនដែលនៅជិតនឹងក្រុមកោះ Kinmen និង Matsu ដែលគ្រប់គ្រងដោយតៃវ៉ាន់ដែលមានជើងហោះហើរទៀងទាត់ទៅតៃវ៉ាន់។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់កោះតៃវ៉ាន់ និងគោលនយោបាយចិនដែលបង្កើតក្រុមប្រឹក្សាកិច្ចការដីគោក ទាំងពីរបានចាត់ទុកចំណាត់ការនេះថាជា ឯកតោភាគី ហើយថាពួកគេបានតវ៉ាយ៉ាងខ្លាំង។
ក្រុមប្រឹក្សាកិច្ចការចិនដីគោកបានឲ្យដឹងថា ប្រទេសចិនមិនអើពើសុវត្ថិភាពជើងហោះហើរ មិនគោរពតៃវ៉ាន់ និងព្យាយាមវេចខ្ចប់អាកាសចរណ៍ស៊ីវិលសម្រាប់ការពិចារណាផ្នែកនយោបាយ ឬយោធា ដើម្បីផ្លាស់ប្តូរស្ថានភាពដែលមានសក្តានុពលនៅក្នុងច្រកសមុទ្រ។
ក្រុមប្រឹក្សាកិច្ចការចិនដីគោកបានបន្តថា ប្រសិនបើភាគីដីគោកប្រកាន់ខ្ជាប់នូវផ្លូវរបស់ខ្លួន វាត្រូវតែទទួលនូវផលវិបាកធ្ងន់ធ្ងរណាមួយដែលប៉ះពាល់ដល់ទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ។
លោក Chieh Chung អ្នកស្រាវជ្រាវផ្នែកយោធានៅមូលនិធិគោលនយោបាយជាតិរបស់តៃវ៉ាន់ បាននិយាយថា ផ្លូវថ្មីនេះនឹងមានចម្ងាយប្រហែល ៧ គីឡូម៉ែត្រ (៤.៣ ម៉ាយ) ពីខ្សែបន្ទាត់មធ្យម ដែលនឹងកាត់បន្ថយពេលវេលាព្រមានជាមុន និងប្រតិកម្មសម្រាប់ការការពារដែនអាកាសរបស់តៃវ៉ាន់។
លោកបានបន្តថា វាកំពុងព្យាយាមលុបបំបាត់ទាំងស្រុងនិងបដិសេធនូវអត្ថិភាពនៃបន្ទាត់មធ្យម។
ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា សកម្មភាព ឈ្លើយ និងមិនសមហេតុផលរបស់ចិន អាចនាំឱ្យភាពតានតឹងកើនឡើងយ៉ាងងាយស្រួល។
ក្រសួងការពារជាតិបានបន្ថែមថា សម្រាប់យន្តហោះមិនស្គាល់អត្តសញ្ញាណដែលចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់យើង (ADIZ) ពួកគេនឹងត្រូវបានដោះស្រាយដោយអនុលោមតាមនីតិវិធីប្រតិបត្តិការ និងបទប្បញ្ញត្តិគ្រប់គ្រងគ្រាអាសន្ន ដើម្បីធានាសុវត្ថិភាពនៃដែនអាកាសរបស់យើង។
ADIZ គឺជាតំបន់ទូលំទូលាយដែលតៃវ៉ាន់ត្រួតពិនិត្យ និងល្បាតដើម្បីផ្តល់ពេលវេលាបន្ថែមដល់កងកម្លាំងរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែង ហើយយន្តហោះយោធាចិនមិនទាន់បានចូលដល់ដែនអាកាសរបស់តៃវ៉ាន់នៅឡើយទេ។
ការិយាល័យកិច្ចការតៃវ៉ាន់របស់ខ្លួនបានពណ៌នាការផ្លាស់ប្តូរថាជា ទម្លាប់ដើម្បីជួយសម្រាលសម្ពាធលើលំហអាកាស ហើយថាប្រទេសចិនមិនចាំបាច់ពិភាក្សារឿងនេះជាលើកដំបូងជាមួយតៃវ៉ាន់នោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ លោក Chen Binhua អ្នកនាំពាក្យការិយាល័យបានឲ្យដឹងថា អ្វីដែលគេហៅថាបន្ទាត់មធ្យមមិនមានទេ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់តៃវ៉ាន់បានឲ្យដឹងថា ផ្លូវហោះហើរទៅកាន់ និងពី Xiamen និង Fuzhou មានភាពគ្រោះថ្នាក់នៅជិតកោះ Kinmen និង Matsu របស់តៃវ៉ាន់។ ប្រទេសចិនគួរតែបើកការពិភាក្សាជាមួយតៃវ៉ាន់លើការផ្លាស់ប្តូរផ្លូវឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ផ្លូវ M៥០៣ ភាគច្រើនត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ចិន និងដោយក្រុមហ៊ុនអាកាសចរណ៍បរទេសដែលធ្វើដំណើរទៅ និងមកពីទីក្រុងនានាដូចជាសៀងហៃ ទៅកាន់អាស៊ីអាគ្នេយ៍។
ជើងហោះហើរទៅ និងមកពីកោះតៃវ៉ាន់ និង Xiamen និង Fuzhou របស់ចិន ធ្វើដំណើរជុំវិញខ្សែបន្ទាត់មធ្យម ជាជាងហោះហើរត្រង់ឆ្លងកាត់ច្រកសមុទ្រ។
តៃវ៉ាន់បានត្អូញត្អែរអំពីផ្លូវ M៥០៣ ពីមុនក្នុងឆ្នាំ២០១៨ នៅពេលដែលខ្លួនបានបញ្ជាក់ថា ប្រទេសចិនបានបើកផ្នែកខាងជើងរបស់វាដោយមិនបានប្រាប់តៃប៉ិជាមុន ផ្ទុយពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដើម្បីពិភាក្សាអំពីផ្លូវហោះហើរបែបនេះជាមុនសិន។
ប្រភព៖ Reuters
ប្រែសម្រួលដោយ៖ ឡាយ លីហួ
