សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីលួច និងប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៥នាក់ពាក់ព័ន្ធករណីលួចប្លន់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤។
បើតាមមន្ត្រីនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថាជនសង្ស័យប្រុសស្រីទាំង០៥នាក់នេះជាមុខសញ្ញាលួចឆក់និងប្លន់ យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អំឡុងថ្ងៃទី២៥ ទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ កាលនោះ ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌសែនសុខជាបន្តបន្ទាប់។
ក្រោយទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៥នេះនេះជាបន្តបន្ទាប់ដូចគ្នា។
ប្រភពដដែលឱ្យដឹងទៀតថា ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពព្រួតគ្នាវាយទាត់ធាក់និងយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូពីជនរងគ្រោះ បានសម្រេចជាច្រើនករណីផងដែរ។
ក្រោយធ្វើការបង្ហាញមុខជាសាធារណៈជនសង្ស័យទាំង ០៥នាក់នេះត្រូវបាននគរបាលបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

