នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សុខសន្តិភាព ត្រូវតែថែរក្សាឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កងទ័ពបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាសុខសន្តិភាព កសាងជាតិ ហើយទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែថែរក្សាសុខសន្តិភាពឲ្យបានជាដាច់ខាត ។
ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «អីចឹង យើងនឹងបន្តចូលរួមជាមួយនឹងយន្តការរបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព នៅតាមបណ្តាប្រទេសផ្សេងទៀត យើងយល់ពីផលលំបាក នៃសង្គ្រាម យើងយល់អំពីភាពវេទនារបស់ប្រជាពលរដ្ឋយើង ដោយសារសង្គ្រាម។ កងទ័ពជើងគោកក៏បានធ្វើការកំណែទម្រង់ជាច្រើន នៅក្នុងរយៈពេល ២៥ឆ្នាំនេះ ដើម្បីទៅជាកងទ័ពមួយ ដែលចេញពីសមាហរណកម្ម ថែរក្សានូវការបង្រួបបង្រួមគ្នា ទៅជាកងទ័ពមួយ ដែលមានស្មារតីរឹងមាំជាជាតិតែមួយ ហើយពង្រឹងសមត្ថភាព ដើម្បីការពារជាតិ ការពារទឹកដី សុខសន្តិភាព ជូនប្រជាពលរដ្ឋ»។
សម្តេចធិបតីបន្តថា «នៅក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគតយើងហៅ នៅក្នុងដំណាក់កាលកសាងសង្គមជាតិ និងកំណែទម្រង់ ២០២៣ ទៅថ្ងៃអនាគត រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ត្រូវដាក់ចេញនូវគោល នយោបាយជាច្រើន ដើម្បីពង្រឹងនូវសមិទ្ធផលផ្សេងៗ និងកសាង ប្រទេសជាតិឲ្យកាន់តែរីកចម្រើន នៅក្នុងនោះការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាកម្លាំងស្នូល ដើម្បីការអភិវឌ្ឍនេះ។ សុខសន្តិភាព ត្រូវតែថែរក្សាឲ្យបានទោះក្នុងតម្លៃណាក៏ដោយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា មូលដ្ឋានធំបំផុតគឺសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម បើគ្មានសន្តិភាព មិនអាចអភិវឌ្ឍ និងការឯកភាពកងទ័ព និងជាតិបានទេ។ សុខសន្តិភាពនេះ កើតចេញពីកងទ័ព ជាពិសេសកងទ័ពជើងគោកផងដែរ។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដាក់ចេញកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ប៉ុន្តែការកែទម្រង់ ធ្វើទំនើបកម្មកងទ័ព គឺមិនត្រូវឱ្យបាត់ស្មារតីការពារជាតិ ស្មោះត្រង់នឹងជាតិ និងប្រជាជន, ស្មារតីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងការថែរក្សាសុខសន្តិភាព។ ទោះបីធ្វើកំណែទម្រង់ តែមិនត្រូវបាត់បង់ស្មារតីលើកតម្កើងកិត្យានុភាពជាតិ ៕
