សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសប្រទេសណាមួយនោះទេ ពោលគឺចាត់ទុកប្រទេសទាំងអស់ជាមិត្តដូចគ្នា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសប្រទេសណាមួយនោះទេ ពោលគឺគណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រទេសទាំងអស់ជាមិត្តដូចគ្នា បើទោះបីជាបច្ចុប្បន្នតំបន់អាស៊ានបានក្លាយជាទីលានដ៏ក្តៅគគុកក្នុងការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចនៅលើពិភពលោកក៏ដោយនោះ។
សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍បែបនេះនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅភូមិគ្រឹះតាខ្មៅ ខណៈអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងការផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូថា ការរៀបចំកិច្ចពិភាក្សាតុមូលអន្តរគណបក្ស នាពេលនេះគឺមានសារ:សំខាន់យ៉ាងខ្លាំងណាស់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនានា ដែលបានកើតឡើងទាំងក្នុងតំបន់ និងពិភពលោក៕

