ការបរបាញ់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ អាចប្រឈមជាប់គុកពី១-៥ឆ្នាំ និងអាចរងពិន័យអន្តរការពី១៥-១៥០លានរៀល

ភ្នំពេញ៖ ច្បាប់តំបន់ការពារនៃព្រះរាជាណាចក្រកម្ពុជា ចែងថាការបរបាញ់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ អាចប្រឈមនឹងការជាប់ពន្ធនាគារចំនួនពី១ទៅ៥ឆ្នាំ និងអាចរងពិន័យអន្តរការចំនួនពី១៥ទៅ១៥០លានរៀល។
អង្គការសមាគមអភិរក្សសត្វព្រៃ WCS បានឱ្យដឹងថា ស្វាកន្ទុយ-សត្រូវបានគេដាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជនៅលើសកលលោក និងត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីឧបសម្ព័ន១នៃអនុសញ្ញា CITIES។ ស្វាកន្ទុយ-ស មានវត្តមានតែនៅក្នុងប្រទេសកម្ពុជា និងវៀតណាមប៉ុណ្ណោះ។
តាមរយៈការធ្វើជំរឿនប្រជាសាស្ត្រ គេបានប៉ាន់ប្រមាណថាមានចំនួនសត្វស្វាកន្ទុយ-សជាង២ម៉ឺនក្បាលនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ក្នុងប្រទេសកម្ពុជា។ បើទោះបីស្វាកន្ទុយ-សនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនក៏ដោយ តែពួកវាកំពុងតែប្រឈមនឹងការបាត់បង់ទីជម្រក ការបរបាញ់ដើម្បីយកសាច់ និងក្រពះធ្វើឱសថបុរាណដោយសារតែជំនឿថាជាជំងឺផ្សេងៗ។ នៅកន្លែងខ្លះស្វាកន្ទុយ-សពេញវ័យ(មេ-បា) ត្រូវបានគេសម្លាប់ចំណែកកូនរបស់ពួកវាត្រូវបានគេយកទៅធ្វើជាសត្វចិញ្ចឹម។
WCS បានឱ្យដឹងបន្តថា សត្វស្វាកន្ទុយ-សជាប្រភេទពានរដែលមានពណ៌សម្បុរឆើតខុសប្លែកពីប្រភេទសត្វស្វាដទៃ វាអាចស៊ីត្រួយឈើបានជាង១០០ប្រភេទក្នុងមួយថ្ងៃ។ ចំណីរបស់វារួមមាន៖ ត្រួយឈើ ផ្កាឈើ គ្រាប់ធញ្ញជាតិ(កូទីលេដុង) និងផ្លែឈើ ហើយវាចូលចិត្តរស់នៅជាក្រុមតាមដើមឈើខ្ពស់ៗ ក្នុងព្រៃ ស្រោង និងព្រៃពាក់កណ្តាលស្រោង។
