កម្ពុជា នាំចេញអង្ករ ៥០០តោន ជាលើកដំបូង ទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម

ភ្នំពេញ៖ អង្ករកម្ពុជាចំនួន ៥០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអេមីរ៉ាត់អារ៉ាប់រួម ជាលើកទីមួយតាមរយៈក្រុមហ៊ុន វ័នរ៉ូត គ្រុប (ONEROAD Group) ដោយការបញ្ជាទិញក្នុងកម្រិតចំនួន៦ម៉ឺនតោនមានតម្លៃ៥៤លានដុល្លារអាម៉េរិក ។
ពិធីនាំចេញអង្ករជាផ្លូវការ ត្រូវបានធ្វើឡើងកាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ ដោយក្រុមហ៊ុន ONEROAD Group ដែលជាក្រុមហ៊ុននាំចេញអង្ករក្នុងស្រុកទៅកាន់ប្រទេសអារ៉ាប់រួម។ ការនាំចេញទាំងនេះនឹងបើកទីផ្សារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងផ្តល់ឱកាសថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ វប្បធម៌ និងផ្សេងៗទៀត។ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ឱ្យដឹងថា ការនាំចេញអង្ករលើកនេះនឹងជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជា និងអារ៉ាប់រួមឱ្យបានកាន់តែប្រសើរជាងមុន។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះបន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងនឹងបន្តខិតខំយ៉ាងសកម្មក្នុងការបន្តជំរុញ និងគាំទ្រយ៉ាងពេញទំហឹងដល់ការនាំចេញកសិផលក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើនសម្រាប់កសិករ និងអ្នកផលិត ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនូវកសិផលរបស់កម្ពុជា។
រដ្ឋមន្ត្រីពាណិជ្ជកម្ម បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថានឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធបន្តពួតដៃគ្នាក្នុងការជំរុញអភិវឌ្ឍវិស័យអង្ករ និងឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិ។ គួររំឭកថា ការនាំចេញនេះធ្វើឡើងបន្ទាប់ពីកម្ពុជា និងអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។
សូមជម្រាបដែរថា នៅចុងខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុននេះ ក្រសួងពាណិជ្ជកម្មនឹងចូលរួមរៀបចំវេទិកាផ្គូផ្គងអាជីវកម្មដែលរៀបចំឡើង នៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួម ដើម្បីជំរុញ និងបង្កើតឱកាសក្នុងការរកទីផ្សារថ្មីបន្ថែមទៀតរបស់អង្ករកម្ពុជា៕
