ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ ខួបលើកទី៤៥ ទិវាជ័យជម្នះ ៧ មករាឆ្នាំនេះ ប្រារព្ធកម្មឡើងក្នុងស្ថានភាពដែលកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា សមាជិកគណៈម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមគណៈពង្រឹងស្រុកបវេល នៃខេត្តបាត់ដំបង បានមានប្រសាសន៍ថា ខួបលើកទី៤៥ នៃទីវាជ័យជម្នះ ៧ មករា នៅឆ្នាំនេះ បានប្រារព្ធកម្មឡើងក្នុងស្ថានភាពដែលកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរ លើគ្រប់វិស័យ ហើយកំពុងបន្តអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងគោលដៅអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។
ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៥ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៤) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ នៅស្រុកបវេល ខេត្តបាត់ដំបង។
ឯកឧត្ដមទេសរដ្ឋមន្ត្រី អះអាងថា ថ្ងៃ ៧មករា បានរំដោះអាយុជីវិតរបស់ប្រជាពលរដ្ឋក្រោមរបបដ៏យង់ឃ្នងពួកខ្មែរក្រហម ប៉ុល ពត។ ជ័យជម្នះ ៧មករា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់ឡើងវិញ ហើយក៏ជាថ្ងៃកំណើតទី២ របស់យើង ដូចនេះត្រូវចង់ចាំជានិច្ច ព្រមទាំងអរគុណសន្តិភាពដែលឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ៕

