សម្តេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ ប្រមូលផ្តុំអ្នកជំនាញមានបទពិសោធន៍ទាំងជាតិ និងអន្តរជាតិ សិក្សាវាយតម្លៃគិតគូរគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានប្រមូលផ្តុំអ្នកជំនាញជាតិ-អន្តរជាតិសិក្សា វាយតម្លៃ និងគិតគូរជ្រុងជ្រោយ ជៀសវាងប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប្រជាជន ធ្វើយ៉ាងនាំប្រយោជន៍ដល់ជាតិ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតីបញ្ជាក់ថា «ការចរចាគម្រោងនេះ អ្នកសេដ្ឋកិច្ចកម្ពុជា មិនមែនអស់លោក២០នាក់ទេ ផ្គុំគ្នា គ្រាន់តែអ្នកសេដ្ឋកិច្ច អ្នកជំនាញកម្ពុជា ទាំងបរិស្ថាន ទាំងធនធានទឹក សុទ្ធតែមានជំនាញបទពិសោធន៍កម្រិតខ្ពស់ណាស់រួមគ្នាគិត ពិចារណា ទាំងអ្នកប្រឹក្សាយោបលបរទេសផ្សេងៗ ដើម្បីពិនិត្យមើលថា តើគម្រោងនេះចំណេញអត់ គម្រោងនេះ ប៉ះពាល់ធនធានទឹក ប៉ះពាល់ប្រជាជន ប៉ះពាល់ទន្លេមេគង្គឬអត់ ខួរក្បាលគេខំគិតណាស់ ខំចរចាណាស់ ទម្រាំបាន។ ត្រូវការពារអ្នកទាំងអស់នោះ មន្ត្រីទាំងអស់នោះ ថាតើគាត់ជាអ្នកក្បត់ជាតិទេ? យកលុយមកដើម្បីបំផ្លាញឬទេ? គឺអត់ទេ មន្ត្រីទាំងអស់នោះ ឯកឧត្តម ស៊ុន ចាន់ថុល មន្ត្រីក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច សម្តេចតេជោ កាលពីអាណត្តិមុខ ខិតខំបម្រើជាតិ ខ្ញុំត្រូវចេញការពារនូវភាពត្រឹមត្រូវរបស់គាត់ ដែលខ្ញុំត្រូវបំភ្លឺ ដើម្បីឱ្យប្រជាពលរដ្ឋយើងបានយល់ដឹងថា មន្ត្រីរបស់រាជរដ្ឋាភិបាលទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ មិនធ្វើអ្វីដែលមិនទទួលខុសត្រូវ និងមិនធ្វើអីដែលបំផ្លាញជាតិនោះទេ តែផ្ទុយទៅវិញគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ រួមទាំងការកសាងព្រែកជីកនេះផង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តលើកកម្ពស់ គុណភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី បានផ្តាំទៅក្រុមប្រឆាំងដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា កុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មន្រ្ដីរាជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ ប៉ុន្ដែគឺធ្វើអ្វីដែលគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ សម្តេចធិបតីបានបង្ហើបឲ្យដឹងថា មានក្រុមប្រឆាំងម្នាក់នៅក្រៅស្រុក បានផ្ញើសារអង្វរដល់ជំនួយការសម្តេច ដើម្បីសុំអន្តរាគមន៍ចូលស្រុកខ្មែរវិញ។ ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ ៕
