ស្ត្រីម្នាក់ដែលបើកបររថយន្តបុកបុរសម្នាក់ស្លាប់ នៅខណ្ឌសែនសុខ បានចូលខ្លួនសារភាពនៅស្នងការរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជក់តាមរយៈហ្វេសប៊ុកផេកផ្ទាល់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះថា ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុក ម៉ូតូបណ្តាលឱ្យបុរសម្នាក់ ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពបន្តថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុកម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ។
ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:១៤នាទី ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក់ Prius មានឈ្មោះ អ៉ឹងសុទ្ធ ដាវី ភេទស្រី មានទីលំនៅផ្ទះក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ បានចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
