សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់ សម្រាប់ឱ្យប្រទេសយើងអភិវឌ្ឍទៅមុខ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់សម្រាប់ឱ្យប្រទេសយើងអភិវឌ្ឍទៅមុខ ក៏ជាមូលដ្ឋានក្នុងការសម្រេចផែនការអភិវឌ្ឍជាតិឆ្នាំ២០២៤-២០២៨ និងផែនការអភិវឌ្ឍវិស័យ ដែលនឹងដាក់ឱ្យដំណើរការនាឆ្នាំ២០២៤ខាងមុខ ។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតីបានថ្លែងថា «អ្វីដែលយើងមានមូលដ្ឋានពីជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ គឺជាមូលដ្ឋានសំខាន់ណាស់សម្រាប់ឱ្យប្រទេសយើងអភិវឌ្ឍទៅមុខ ក៏ជាមូលដ្ឋានក្នុងការសម្រេចផែនការអភិវឌ្ឍជាតិឆ្នាំ២០២៤-២០២៨ និងផែនការអភិវឌ្ឍវិស័យដែលនឹងដាក់ឱ្យដំណើរការនាឆ្នាំ២០២៤ខាងមុខ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ គឺជាកិច្ចការសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងនោះសារសំខាន់ទី១-ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២បានបង្ហាញឱ្យឃើញថាការអភិវឌ្ឍរយៈពេល១០ឆ្នាំ តើសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាដើរដល់កម្រិតណាហើយ? តើអង្គភាពសេដ្ឋកិច្ចក្នុងប្រព័ន្ធមានរចនាសម្ពន្ធយ៉ាងដូចម្ដេច? អាជីវកម្មក្រៅប្រព័ន្ធប្រែប្រួលយ៉ាងដូចម្ដេច? សារសំខាន់ទី២-ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ជួយឱ្យរាជរដ្ឋាភិបាលវាយតម្លៃពីផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ថាតើក្រោយពីកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានការប៉ះពាល់កន្លែងណាខ្លះ ដើម្បីរាជរដ្ឋាភិបាលអន្តរាគមន៍ជួយឱ្យចំគោលដៅ។
បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី ការសម្រេចបាននូវជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ បានបង្ហាញថារាជរដ្ឋាភិបាលធ្វើអ្វីឈរលើភាពច្បាស់លាស់ មិនមែនធ្វើដោយស្រមើស្រមៃនោះទេ៕
