ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ ការធ្វើពិពិធកម្មទីផ្សារ នឹងជួយយើងមិនឲ្យស្លាប់ក្រឡា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការធ្វើពិពិធកម្មទីផ្សារ នឹងជួយយើងមិនឱ្យស្លាប់ក្រឡា ។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ ២០២៤» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រទេសខ្លះទាមទារស្តង់ដារខ្ពស់ ដូច្នេះផលិតផលប្រទេសយើងមិនអាចនាំចេញទៅកាន់ប្រទេសទាំងនោះបានទេ។ ប៉ុន្តែយើងមិនស្លាប់ក្រឡាទេ ពោលគឺយើងត្រូវរកទីផ្សារផ្សេងទៀត ជួនកាលស្តង់ដារខុសគ្នា បើមិនបានលក់ ១០០ ក៏បានលក់ ១ ដែរ។ ហើយបើមិនបាននាំចេញទៅប្រទេសអ្នកមានដែលមានលទ្ធភាពទិញ ១០០ ក៏យើងអាចនាំចេញទៅប្រទេសតូចៗមួយចំនួនបានដែរ។
សម្តេចធិបតីបន្ថែមថា ការរក្សាសក្តានុពលថ្មីនេះ ត្រូវតែបន្តធ្វើតទៅទៀត ជាពិសេសការបើកមុខព្រួញប្រទេសនាំចេញទៅតាមផលិតផលដែលយើងមានស្រាប់ ឬការបង្កើតផលិតផលថ្មីៗបន្ថែមជាដើម៕
