សម្តេចធិបតី៖ ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាមិនអាចដើរបានឡើយ បើគ្មានលុយ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ នាព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាមិនអាចដើរបានឡើយ បើគ្មានលុយ។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបង្ហាញអារម្មណ៍រីករាយ ចំពោះការរីកចម្រើនរបស់ធនាគារវីង និងធនាគារដទៃទៀតនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរំពឹងថា នៅពេលកម្ពុជាទទួលបានអ្នកវិនិយោគ និងមានកំណើនពាណិជ្ជកម្ម ធនាគារនៅក្នុងស្រុកទាំងអស់នឹងពង្រឹងសមត្ថភាពចាប់យកឱកាសពីការវិនិយោគនានា។
សូមបញ្ជាក់ថា៖ អគារធនាគារវីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូបនៃភាពប៉ិនប្រសព្វក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ។ ជាមួយកម្ពស់រហូតដល់ ១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមមាញឹកមួយ អគារធនាគារវីងថៅវើ គឺជាសក្ខីភាព ដែលបានបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារឌីជីថល នៅក្នុងប្រទេសកម្ពុជា ៕
