អ្នកនាំពាក្យ៖ ករណីកញ្ញា សេង ធារី បើយើងអត់អាហារ ឲ្យគាត់ហូបជាកំហុសយើង តែបើយើងមានអាហារ ឲ្យគាត់ហូបហើយ តែគាត់មិនហូប ជាសិទ្ធិរបស់គាត់

ភ្នំពេញ៖ ពាក់ព័ន្ធករណីកញ្ញា សេង ធារី កំពុងជាប់ពន្ធគារ ហើយធ្វើកូដកម្ម បង្អត់អាហារខ្លួននោះ ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា “បើយើងអត់មានអាហារ ឲ្យគាត់ហូបជាកំហុសយើង តែបើយើងមានអាហារ ឲ្យគាត់ហូបហើយ តែគាត់មិនហូប ដោយសារគាត់ចង់ធ្វើកូដកម្មអត់អាហារ គឺជាសិទ្ធិរបស់គាត់”។
ឯកឧត្ដម ប៉ែន បូណា បន្ថែមថា ចង់អ្នកទោស សេង ធារីរូបនេះ ធ្វើកូដកម្មអត់អាហារប៉ុន្មានថ្ងៃ គឺជាសិទ្ធិសេរីរបស់គាត់ គ្មានអ្នកណាហាមឃាត់នោះទេ ។
សូមបញ្ជាក់ថា កញ្ញា សេង ធារី ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគាព្រៃស ក្រោយដូរចេញពីពន្ធនាគារ ខេត្តព្រះវិហារ បានធ្វើកូដកម្ម បង្អត់អាហារខ្លួនម្តងទៀត ហើយតាំងពីថ្ងៃ៧ ធ្នូមក ។ ការបង្អត់អាហារនេះរបស់ សេង ធារី គឺជាលើកទី២ហើយ ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីខែកក្កដា ក្រោយកញ្ញាត្រូវបានកាត់ទោសឲ្យជាប់ពន្ធគារ៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការ មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ពីចុងឆ្នាំ២០១៩ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ៕
