សម្តេចធិបតី អះអាងថា ជនមានពិការភាព មានតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ជនមានពិការភាព មានតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ រាជរដ្ឋាភិបាលអាណត្តិទី៧នេះបន្តជំរុញការលើកកម្ពស់ និងចាត់ទុកវិស័យពិការភាពជាការងារអាទិភាព។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “អបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១” នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ ដើម្បីធានាឧត្តមប្រយោជន៍ជូនជនមានពិរភាព ណែនាំឱ្យអាជ្ញាធរ បន្ដគាំទ្រ ជនមានពិការភាពនៅគ្រប់ទម្រង់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរម្លឹកកអំពីការតស៊ូទាមទារសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៣ពាន់លាននាក់ នៃប្រជាជន នៅលើពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា។ ឆ្នាំ២០២៣ កម្ពុជាបានបង្ហាញសមត្ថភាពរបស់ ជនមានពិការភាពដោយស្មើមុខស្មើមាត់នៅលើឆាកអន្ដរជាតិ តាមរយៈការប្រកួតយកមេដាយក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម ៕