ប្រាសាទបាភួន គឺជាប្រាសាទភ្នំតំណាងឱ្យភ្នំសុមេរុ ដែលជាទេវស្ថានរបស់ព្រះឥសូរ

ភ្នំពេញ៖ ប្រាសាទបាភួន គឺជាប្រាសាទភ្នំតំណាងឱ្យភ្នំសុមេរុ ដែលជាទេវស្ថានរបស់ព្រះឥសូរ។ ប្រាសាទនេះមានឈ្មោះដើមហៅថា “ត្រីភូវនចូនាមណី” ដែលក្រោយមកឈ្មោះនេះនៅសល់តែពាក្យភូវុនក្លាយជាភុន ឬភួនវិញ ពាក្យភុវនមានន័យថា” អ្នកដែលគ្រប់គ្រងលើភពទាំងបី”។
យោងតាមអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ឱ្យដឹងថា នៅចំពីមុខតួរបស់ប្រាសាទបែរទៅទិសខាងកើត មានស្ពានដើរចូលប្រវែង ២០០ម៉ែត្រ x ២.៥០ម៉ែត្រ ទ្រដោយសសរមូលចំនួន ៥៤៧ដើម រៀបយ៉ាងស្មើស្ពាននេះកសាងឡើងដើម្បីជាតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទៅឋានសួគ៌។ នៅខាងឆ្វេងដៃស្ពាន មានស្រះមួយមានទំហំ ៣៧ម៉ែត្រx២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។
ប្រាសាទនេះជាពីរ៉ាមីតដ៏ធំមួយកំពស់៣៥ម៉ែត្រ ដែលចែកចេញបីថ្នាក់ ហើយដែលព្រះបាទឧទយាទិត្យវរ្ម័នទី២សាងឡើងនៅស.វ.ទី១១ ដើម្បីតម្កល់លិង្គមួយនៅជាន់លើបង្អស់។ អ្នកជំនាញធំៗដែលធ្លាប់បានស្រោចស្រង់ប្រាសាទនេះក្នុងលក្ខណៈជាសង្គ្រោះបន្ទាន់ក្តី ឬជួសជុលក្នុងបំណងឲ្យបានយូរអង្វែងនៅតាមទីដែលរលំខ្លះក្តី សុទ្ធសឹងយល់ស្របគ្នាថាវិស្វកម្មដែលប្រើក្នុងការកសាងប្រាសាទជាលើកដំបូងមានខ្ចោះដោយសារគិតមិនដល់តាំងពីដើមទី។
ក្នុងប្រវត្តិនៃការជួសជុលបុរាណស្ថានអង្គរទាំងអម្បាលម៉ាន គឺប្រាសាទបាភួននេះហើយដែលទទួលការជួសជុលច្រើនលើកហើយធំធេងវែងឆ្ងាយជាងគេ។ បើរាប់តែកម្មវិធីជួសជុលចុងក្រោយបង្អស់គឺចាប់ផ្តើមនៅទសវត្ស១៩៦០អស់ច្រើនឆ្នាំហើយផ្អាកមួយរយៈវែង ទើបចាប់ផ្តើមបន្តមកទៀតនៅឆ្នាំ១៩៩៥អស់រយៈពេលប្រមាណ១៤ឆ្នាំទៀត។
ចម្លាក់រូបទាំងអម្បាលម៉ានជាទីត្រកាលភ្នែកពន់ពេក។ បើកុំនិយាយពីហោជាងនិងផ្តែរនានា ចម្លាក់ជាក្បាច់ក្រឡោតតែងតែបង្ហាញក្នុងស៊ុមដាច់ចេញពីគ្នាដោយមានរឿងខុសៗគ្នា។ ជួនកាលរូបនោះរំលេចឈុតណាមួយនៃទេពកថាដែលយើងស្គាល់ ខ្លះទៀតបង្ហាញពីទិដ្ឋភាពផ្សេងៗនៃការរស់នៅរាល់ថ្ងៃនៃប្រជាជនសាមញ្ញ។ ប៉ុន្តែជាញឹកញយដែរ គេប្រទះឃើញរូបប្លែកៗដែលលំបាកនឹងបកស្រាយថាអ្នកឆ្លាក់ចង់បង្ហាញពីអ្វី។
ការឧទ្ទិសទៅព្រះឥសូរដែលជាន័យដើមនៃប្រាសាទនេះ គេបោះបង់ចោលជាស្ថាពរនៅស.វ.ទី១៦ ដើម្បីងាកទៅរកព្រះពុទ្ធសាសនាពេញទី។ នៅជំនាន់នោះគេរៀបចំឡើងវិញនូវថ្មជាច្រើនរាប់មិនអស់ដែលរលំធ្លាក់មកពីជាន់ទី២ នៅផ្នែកខាងលិច ឲ្យទៅជារូបព្រះពុទ្ធអង្គចូលនិព្វានប្រវែងជាង៦០ម៉ែត្រ។ នៅសម័យនោះហើយដែលប្រាសាទបាភួនថ្កុំថ្កើងឡើងវិញមួយរយៈពេលជាថ្មីទៀត។ ការកែប្រែស្ថាបត្យកម្មដើមមកឲ្យបម្រើសាសនាថ្មីក្នុងកម្រិតធំធេងបែបនេះ មានតែនៅភ្នំបាខែងដែលនៅខាងត្បូងបរិវេណអង្គរធំនេះទេដែលអាចប្រៀបគ្នាបាន៕
