មន្ត្រីសិទ្ធិមនុស្សកម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ាន លើកទី៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) បានចូលរួមកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ាន លើកទី៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
កិច្ចសន្ទនានេះរៀបចំដោយតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆា ដោយមានការអញ្ជើញចូលរួមពីគ្រប់តំណាងប្រទេសមាជិកអាស៊ានប្រចាំអាយឆា គណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) តំណាងស្ថាប័នសិទ្ធិមនុស្សជាតិទាំងអស់ក្នុងតំបន់អាស៊ាន និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួនដែលមានទំនាក់ទំនងកិច្ចសន្ទនាជាមួយអាយឆា។
កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណង (១) ផ្តល់ឱកាសមួយសម្រាប់ការសន្ទនារវាងរដ្ឋសមាជិកអាស៊ាន និងអាយឆា ដើម្បីពិភាក្សាអំពីការអនុវត្តល្អៗក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងមធ្យោបាយផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះការទទួលបានសិទ្ធិមនុស្ស និង (២) ចែករំលែកបទពិសោធន៍របស់រដ្ឋសមាជិកអាស៊ានស្តីពីការផ្តល់សច្ចាប័ន ការបម្រុង និងការអនុវត្តឧបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស និងអាទិភាពលើការផ្តល់សច្ចាប័ន/ការទទួលស្គាល់ នូវសសន្ធិសញ្ញានានាស្តីពីសិទ្ធិមនុស្ស។
អង្គពិធីទាំងមូលក៏បានអញ្ជើញតំណាងសមាជិកអាស៊ានប្រចាំអាយឆា ធ្វើនូវបទអន្តរាគមន៍សង្ខេបស្តីពីសមិទ្ធផលថ្មី ក៏ដូចជាការអនុវត្តល្អៗពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ ជាមួយគ្នានេះដែរ កម្ពុជាបានលើកឡើងនូវចំណុចសំខាន់ៗរួមមាន (១)ការឈានមុខគេក្នុងតំបន់ ចំពោះការផ្តល់សច្ចាប័នលើលិខិតតុបករណ៍អន្តរជាតិគោលស្តីពីសិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩ ដែលជាការបង្ហាញឆន្ទៈខ្ពស់របស់កម្ពុជាការគោរពនិងលើកកម្ពស់សិទ្ធិមនុស្ស (២)តួនាទីសំខាន់ៗរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាសេនាធិការរាជរដ្ឋាភិបាលក្នុងការជំរុញឱ្យការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរ និង (៣)ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលជាស្ថាប័នឯករាជ្យនៅកម្ពុជា៕
