ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតឱ្យក្រុមហ៊ុន RMA Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីជជែកលើការវិនិយោគវិស័យយានយន្តនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យក្រុមហ៊ុន RMA Group ដឹកនាំដោយលោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group និងលោក ងន សាំង អគ្គនាយកប្រតិបត្តិ RMA Cambodia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបទ្វេភាគីនេះបានផ្ដោតការពិភាក្សាលើវឌ្ឍនភាពនៃកិច្ចការងារវិនិយោគក្នុងវិស័យយានយន្តនៅកម្ពុជា ក៏ដូចជាពិនិត្យលើសំណើសុំសម្របសម្រួលនានាពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងគម្រោងវិនិយោគរបស់ RMA Group។
សូមជម្រាបថាក្រុមហ៊ុន RMA Group កាលពីឆ្នាំ២០២២កន្លងទៅ បានទទួលការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្ដាក់ទុនបង្កើតរោងចក្រដំឡើងរថយន្ត FORD ក្នុងខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគចំនួន ២១លានដុល្លារ ៕
