មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និបាតសុខាភិបាល លើកទី៧៤ របស់ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល

ភ្នំពេញ៖ ដោយបានទទួលការចាត់តាំងពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងបានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមសន្និបាតសុខាភិបាល លើកទី៧៤ របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
សន្និបាតសុខាភិបាល របស់អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច តែងតែរៀបចំយ៉ាងទៀងទាត់ប្រចាំឆ្នាំអំឡុងខែតុលា ក្នុងគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាលនៃរដ្ឋជាសមាជិកនីមួយៗ និងពិភាក្សាសម្រេចការងារមួយចំនួនក្នុងការធានាសុខភាព និងសុខុមាលភាពរបស់ប្រជាជនទាំងអស់ក្នុងតំបន់ និងពិភពលោក។ សន្និបាតសុខាភិបាលនេះ មានការចូលរួមពីរដ្ឋមន្រ្តី ឬតំណាងក្រសួងសុខាភិបាល នៃប្រទេសជាសមាជិកទាំង៣០ នៃតំបន់ប៉ាស៊ីហ្វិកខាងលិច។
