ឧត្តមសេនីយ៍ទោ សោម សុវណ្ណ បិទវគ្គហ្វឹកហ្វឺននាយទាហានរងថ្នាក់ពួក ក្រុម ឆ្នាំ២០២៣ នៅសាលាពលទាហាន យោធភូមិភាគពិសេស

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេស នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាយទាហានរង ថ្នាក់,ពួក ក្រុម ឆ្នាំ២០២៣ នៅសាលាពលទាហានយោធភូមិភាគពិសេស ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេស បានបញ្ជាក់ថា សិក្ខាកាមដែលបានបញ្ចប់វគ្គនៅថ្ងៃនេះពិតជាបានយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានការសាមគ្គីភាព ឯកភាពគ្នា ខិតខំប្រឹងប្រែង ក្នុងការរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អប្រសើរគ្រប់ៗគ្នា ទាំងអស់គ្នាត្រូវគោរពច្បាប់ រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិក នៃកងយោធពលខេមរភូមិន្ទ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូដើម្បីយកទៅអនុវត្តនៅអង្គភាពឱ្យបានល្អ ការហ្វឹកហ្វឺនរបស់កងទ័ពជាវិស័យអាទិភាពមួយ នៃការកែទម្រង់របស់កងយោធពលខេមរភូមិន្ទសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពដើម្បីការពារបូរណភាពទឹកដី ការពារសន្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក៏ជាការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។
បច្ចុប្បន្នការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នៅចំណេះដឹង ចំណេះធ្វើពិតប្រាកដដល់កងទ័ពជាពិសេស យោធិនដែលមានវ័យក្មេង ជាប្រភពបន្តវេនជំនាន់ក្រោយ ត្រូវប្តេជ្ញាចូលរួមអនុវត្តឱ្យបានសម្រេចជោគជ័យ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល រងចាំទទួលបទបញ្ជា ផែនការ សេចក្តីណែនាំរបស់ថ្នាក់លើ គ្រប់ជាន់ថ្នាក់ និងសូមប្ដេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋធានាការពាររាជបល្ល័ង្ករបបរាជានិយម អាស្រ័យធម្មនុញ្ញនៅកម្ពុជា ការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យភាព បូរណភាពទឹកដី វាយកម្ទេចរាល់ឧបាយកលអគតិ ប៉ុនប៉ងបង្កើតឱ្យមានចលនាបដិវត្តន៍ពណ៌នៅកម្ពុជា។
ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេស បានធ្វើការកោតសសើរចំពោះសិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺន រហូតទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យសិក្ខាកាមដែលបានបញ្ចប់វគ្គក្នុងថ្ងៃនេះ បន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់អ្នកដែលមិនចេះពេលត្រឡប់ទៅកាន់កងឯកភាពវិញ ជាកិច្ចបញ្ចប់ឯកឧត្តម ក៏បានចែកលិខិតបញ្ជាក់ការសិក្សា ប័ណ្ណ និងលិខិតសសើរ ដល់សិក្ខាកាម ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការខិតខំរៀនសូត្រផងដែរ ៕
