ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសទទួលស្គាល់ប្រធាន អនុប្រធានគណៈកិត្តិយសសាខា និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ប្រធាន អនុប្រធានគណៈកិត្តិយសសាខា និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥ នៅស្នាក់ការកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងឯកឧត្តមអភិសន្តិបណ្ឌិត ជា “ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៥”។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
