ក្រសួងអប់រំ សហការជាមួយក្រុមហ៊ុន Hunan Science and Technology Press Co. LTD រៀបចំវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្របង្រៀនសៀវភៅគោលបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ថា្នក់ទី១០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា ដែលមាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន សហការជាមួយក្រុមហ៊ុន Hunan Science and Technology Press Co. LTD តាមរយៈគម្រោងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍សម្រាប់ការអប់រំនៅកម្ពុជា ក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន បានរៀបចំវគ្គបណ្តុះបណ្តលស្តីពី “វិធីសាស្ត្របង្រៀនសៀវភៅគោល បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ថា្នក់ទី១០” មានគោលបំណង បំប៉នសមត្ថភាពគ្រូបង្រៀន ICT លើវិធីសាស្ត្របង្រៀនតាមសៀវភៅសិក្សាគោលបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ថា្នក់ទី១០ ដើម្បីលើកកម្ពស់គ្រូបង្រៀន ICT ទៅលើវិធីសាស្ត្របង្រៀនថ្មីៗ ស្របទៅតាមបំណិនសតវត្សទី២១ បរិបទសេដ្ឋកិច្ចសង្គមឌីជីថល និងកម្មវិធីសិក្សាលម្អិតថ្មី ឆ្នាំ២០១៨-២០២៣។
វគ្គបណ្តុះបណ្តាលនេះប្រារព្វឡើងក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនេះ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមលោកជំទាវ សូមថ្លែងអំណរគុណដល់ប្រជាជនចិន និងសាធារណរដ្ឋប្រជាមានិចិន ដែលតែងតែគាំទ្រដល់វិស័យអប់រំនៅកម្ពុជា និងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង គណៈកម្មការនិពន្ធសៀវភៅសិក្សាគោលបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ថា្នក់ទី១០ ដែលរួមមាន ក្រុមការងារនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងក្រុមអ្នកជំនាញបច្ចេកវិទ្យាព័ត៌មានអប់រំ មកពីប្រទេសចិន ដែលបានចូលរួមអភិវឌ្ឍសៀវភៅសិក្សាគោល សម្ភារៈឧបទេសឌីជីថល និងបានរៀបចំវគ្គបណ្តុះបណ្តាល ជូនដល់លោកគ្រូ អ្នកគ្រូ នាថ្ងៃនេះ។
នាឆ្នាំ២០២២ កន្លងមកនេះ ក្នុងនៅក្នុងសន្និបាតអប់រំពិភពលោក របស់អង្គការសហប្រជាជាតិ (UN) បានប្រកាសថា ឆ្នាំ២០២២ ជាឆ្នាំបរិវត្តកម្មវិស័យអប់រំ ដែលត្រូវផ្សារភ្ជាប់ការប្រើប្រាស់ឌីជីថល ក្នុងកាបង្រៀន និងរៀន ក្នុងបរិបទការស្តារឡើងវិញវិស័យអប់រំក្រោយការរីករាលត្បាលជំងឺ Covid-១៩។ ដើម្បីទទួលបានការអប់រំបែបឌីជីថលបានយើងត្រូវមានសមាសធាតុ ចំនួន ០៣ សំខាន់គឺ សាលារៀនឌីជីថល គ្រូបង្រៀនឌីជីថល និងសិស្សឌីជីថល។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបន្តទៀតថា ក្រសួងអប់រំ យុវជន និងកីឡា សូមគាំទ្រដោយស្មោះ ចំពោះការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដែលជាការចូលរួមលើកកម្ពស់គុណវឌ្ឍិគ្រូបង្រៀន ទៅលើផ្នែកបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាការអប់រំឌីជីថលនៅកម្ពុជា ដូចដែល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន លោកធ្លាប់បានលើកឡើងថា “ការអប់រំឌីជីថល គឺជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងចំណោមយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីជំរុញការធ្វើបរិវត្តកម្ម នៃប្រព័ន្ធអប់រំ” ដែលក្នុងនេះមានន័យថា លោកគ្រូ អ្នកគ្រូ ជាភ្នាក់ងារនៃការផ្លាស់ប្តូរ ដើម្បីសម្រេចបាននៃការធ្វើបរិវត្តកម្មវិស័យអប់រំ។ ក្រៅពីអ្វីដែលទទួលបានថ្ងៃនេះ ដែលរួមមានមូលដ្ឋានការស្រាវជ្រាវ ការអភិវឌ្ឍសមត្ថភាពខ្លួនឯងជាបន្តបន្ទាប់ ដើម្បីឱ្យការអប់រំកាន់តែមានប្រសិទ្ធភាព។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់នៅខែតុលា ឆ្នាំ២០២៣ ដោយមានគ្រូបង្រៀនមុខវិជ្ជា ICT ចំនួន ៣០០នាក់ មកពីវិទ្យាល័យគោលដៅទូទាំងប្រទេសចំនួន ១៥០វិទ្យាល័យ។ គម្រោង និងបញ្ចប់ចុងឆ្នាំ២០២៣ នេះ សង្ឃឹមថានឹងទទួលបាននូវជំនួយដំណាក់កាលបន្តបន្តាប់ទៀត ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ផ្លូវ១ខ្សែក្រវ៉ាត់១។
-“ទាំងអស់គ្នាដើម្បីការអប់រំឌីជីថល”
-“ការអប់រំឌីជីថល ដើម្បីបរិវត្តកម្មវិស័យអប់រំ ឆ្ពោះទៅរកការកសាងមូលធនមនុស្ស ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ២០៣០-២០៥០”
-“ជយោ! ចំណងមិត្តភាពដ៏យូរអង្វែងកម្ពុជា-ចិន”។
គួរបញ្ជាក់ផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅកម្ពុជា ក្រោមជំនួយ China Aid រវាងក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា និងការិយាល័យកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាដោយមានសកម្មភាពចំនួន ០៣គឺ៖ ទី១.ការងារអភិវឌ្ឍសៀវភៅសិក្សាគោល និងសម្ភារៈឧបទេសអប់រំឌីជីថល, ទី២.អភិវឌ្ឍឯកសារសម្ភារៈឧបទេសឌីជីថល ជំនួយដល់ការប្រឡងថា្នក់ជាតិ ការបង្រៀនលើ ០៥ មុខវិជ្ជា៖ ប្រវត្តិវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា និងទី៣.រៀបចំកសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ (Cambodia National Education Data Center) ៕
