ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១២ នៅវត្តសារាវ័នតេជោ

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី១២ នៅវត្តសារាវ័នតេជោ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅរសៀលម៉ោង៣នេះ ជួបជុំម្ចាស់វេន និងពុទ្ធបរិស័ទជិតឆ្ងាយ នៅឧបដ្ឋានសាលាបុណ្យ វត្តសារាវ័នតេជោ ដើម្បីធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល សម្រើនព្រះបរិត្ត រួចនិមន្តធម្មកឋិកសំដែងធម្មទេសនា ។
លុះព្រឹកឡើងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៧ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ, វេលាម៉ោង ៩ព្រឹក រាប់បាត្រនៅក្នុងឧបដ្ឋានសាលាបុណ្យ និងវេលាម៉ោង ១០៖៣០នាទីព្រឹក វេភត្តាហាប្រគេនព្រះសង្ឃចំនួន ២៨៧អង្គ និងបង្សុកូលដារឆ្លងជាកិច្ចបង្ហើយបុណ្យ កាន់បិណ្ឌវេនទី១២ ។
ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១២ ប្រកបដោយទឹកចិត្តជ្រះថ្លា និងដឹកនាំដោយឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ទទួលបានបច្ច័យចំនួន ៣៦លានរៀល និង ១៩១០ដុល្លារ ។
សូមរំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ ពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២… និងនៅថៃ្ងបញ្ចប់គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យកាន់បិណ្ឌឆ្នាំនេះ បានចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៣ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ៕

