ឯកឧត្តម អ៊ូច ភា បន្តអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សា មកពីទូទាំងឃុំទាំង១៤ ក្នុងស្រុកទ្រាំង

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នារសៀលថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមប្រឹក្សា មកពីទូទាំង១៤ឃុំ ក្នុងស្រុកទ្រាំង។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឡាយ សុខា ប្រធានគណឃោសនាអប់រំ នៃគណបក្សខេត្ត លោក សាន ខុន ប្រធានគណបក្សស្រុកទ្រាំង លោក លោក អ៊ុំ ចំរើន អនុប្រធានគណបក្សស្រុក លោក សោ ភ័ណ្ឌផល្លា អនុប្រធានគណបក្សស្រុក លោក ស៊ុត ខឿន អនុប្រធានគណបក្សស្រុក ព្រមទាំង សមាជិក សមាជិកា គណបក្សស្រុក ឃុំ ចូលរួមផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត និងពេលវេលា ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក ជាពិសេសបានចូលរួមយ៉ាងសកម្ម នៅអំឡុងពេលយុទ្ធនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឱ្យទទួលបានជ័យជម្នៈច្រើនលើសលុប។
ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តទៀតថា ក្នុងនាមជាមន្រ្តីគណបក្ស ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ ដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ សង្កាត់ របស់ខ្លួន ពិសេសត្រូវតែដោះស្រាយ និងចាត់ទុកបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋជាបញ្ហាអាទិភាព ដើម្បីជាភាពកក់ក្តៅសម្រាប់ពលរដ្ឋ ហើយក្នុងនោះដែរក៏ត្រូវតែបម្រើសេវាសាធារណៈជូនពួកគាត់ឱ្យបានល្អ ឆាប់រហ័សផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់បញ្ហាភូមិឃុំមានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលខ្វះខាត ជួបការលំបាកផ្សេងៗជាយថាហេតុ ហើយក្នុងនោះដែរត្រូវបន្តយន្តការដោះស្រាយវិវាទផ្សេងៗ របស់ពលរដ្ឋនៅតាមមូលដ្ឋានក្រៅប្រព័ន្ធតុលាការ អោយបានទទួលបានលទ្ធផលល្អប្រសើរផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវតែពង្រឹងសន្តិសុខ និងសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រព្រឹត្តទៅដោយបរិយាកាសជួបជុំបងប្អូន ដោយក្តីសប្បាយរីករាយ ៕
