អ្នករងភាពអយុត្តិធម៌ ពេលនគរបាលចុះបង្ក្រាប ផលិតផលក្លែងក្លាយ សូមផ្ដល់ព័ត៌មានតាមទូរស័ព្ទពីរខ្សែនេះ…

ភ្នំពេញ៖ ដើម្បីប្រសិទ្ធភាព នៃការអង្កេតស្រាវជ្រាវភាពមិនប្រក្រតីរបស់មន្ត្រីនគរបាល ពេលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយកន្លងទៅ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសដាក់លេខទូរសព្ទពីរខ្សែ គឺ 089 770 917 និង 089 371 007 សម្រាប់សាធារណជន ឬប្រជាពលរដ្ឋ ដែលទទួលរងភាពមិនប្រក្រតី ឬភាពអយុត្តិធម៌នៅពេលប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិចំណុះអង្គភាពប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ មានលទ្ធភាពងាយស្រួលក្នុងការដាក់បណ្ដឹង ផ្ដល់ភស្ដុតាង ឬសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនានា។
ការប្រកាសដាក់ប្រព័ន្ធទូរសព្ទទាំងពីរខ្សែ «089 770 917 និង 089 371 007» និងការបង្កើតក្រុមការងារអង្កេតស្រាវជ្រាវនេះ គឺយោងតាមសេចក្ដីសម្រេចរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានប្រគល់ភារកិច្ចជូន អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នាពេលថ្មីកន្លងទៅ៕
