ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ដឹកនាំកិច្ចប្រជុំពិនិត្យ លើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង អគ្គលេខាធិការរង អនុប្រធានក្រុមប្រឹក្សានីតិកម្ម អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
គួរបញ្ជាក់ថា ដោយអនុវត្តតាមស្មារតីជំនួបរវាងសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ Folakemi I.Akinleye ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំសេចក្ដីព្រាងបឋម អនុស្សរណៈនៃការយោគយល់ ស្ដីពីសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋនីហ្សេរីយ៉ា៕
