រដ្ឋមន្រ្តីសង្គមកិច្ច រម្លឹកពីគោលនយោបាយចំនួន ៦ចំណុចរបស់រដ្ឋាភិបាលដល់មន្ទីរសង្គមកិច្ចខេត្តព្រះសីហនុ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំឥស្សរជននៃក្រសួងសង្គមកិច្ច ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពការងាររបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា លោក សម សុភា បានលើកឡើងឱ្យដឹងថា ដោយមានការគាំទ្រពីក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រួមជាមួយអង្គការដៃគូនានាបង្កើតឲ្យមានកិច្ច សហប្រតិបត្តិការល្អលើការផ្តល់សេវាសង្គមកិច្ច ក៏ដូចការអនុវត្តកម្មវិធីជំនួយសង្គមនានា ក្នុងក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមប្រកបដោយភាពជោគជ័យ ដល់ជនរងគ្រោះ និងងាយរងគ្រោះក្នុងខេត្តព្រះសីហនុ ដោយមានអ្នកទទួលផលប្រមាណសរុប ១១,៤៦៧នាក់។
លោក សម សុភា បានគូសបញ្ជាក់ថា ទិសដៅបន្តរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទានឹងបង្កើតទីតាំងមណ្ឌលសំចត បន្តដោះស្រាយបញ្ហាជនអនាថា ដោយបង្កើតកិច្ចសហការរជាមួយអង្គការដៃគូដើម្បីផ្តល់សេវាចាំបាច់ជូនជនរងគ្រោះ និងភាពច្បាស់លាស់លើការគ្រប់គ្រងមន្ត្រីដែលកំពុងបម្រើការងារនៅសាខា ម.ជ.ជ។ ពង្រឹងសមត្ថភាពកំលាំងសេវាសង្គម បង្កើនអន្តរាគមន៍ និងពង្រឹងលើការគ្រប់គ្រងករណីជនរងគ្រោះ និង បង្កើនសកម្មភាពផ្សព្វផ្សាយ យុទ្ធនាការគ្រួសាររឹងមាំ សំដៅទប់ស្កាត់ និងបង្ការអំពើហឹង្សាក្នុងគ្រួសារផងដែរ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ប្រធានមន្ទីររួច រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ឯកឧត្តម ជា សុមេធី បានសម្ដែងនូវការកោតសរសើរអរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធ ដែលចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកបដោយភាពជោគជ័យ។
ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងពី ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្តើមអនុវត្តមុនបំណាច់ឆ្នាំ២០២៣ ដែលជាក្តីសង្ឃឹមរបស់រាជរដ្ឋាភិបាលរួមមាន ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ពោលគឺ នៅពេល មានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរង គ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា។ ក្នុងនោះដែរ ឯកឧត្តមក៏បានបញ្ជាក់ថា យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។ ការផ្ដល់កម្មវិធីជាតិជំនួយសង្គមដល់ ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ព្រមទាំង អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបានការយកចិត្តទុកដាក់ ហើយក៏អាចទទួលបានអត្ថប្រយោជន៍ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរនៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យផ្សេងៗ។
ចំពោះប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម)។ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ។
ក្នុងគោលនយោបាយទាំង៦នេះមានពីរចំណុចដែលសំខាន់ទាក់ទងនឹងការងារសង្គមកិច្ចគឺ កម្មវិធីទី២ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគោលនយោបាយទី៣ ការជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពីហានិភ័យ វិបិត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការនៃមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុត្រូវបន្តការអនុវត្តភារកិច្ច និងការទទួលខុសត្រូវ ត្រូវរក្សាសមិទ្ធផលដែលកម្ពុជាសម្រេចបាន ពង្រឹងសាមគ្គីភាព កៀរគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុពីសប្បុរសជននានា ម្ចាស់ជំនួយដើម្បីជំរុញអនុវត្តការងារឱ្យបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមថា ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ ទប់ស្កាត់ និងឆ្លើយតប ពង្រឹងការងារបណ្ដុះបណ្ដាលមន្ត្រី និងត្រូវយកចិត្តទុកដាក់បើកផ្ដល់របបសន្ដិសុខសង្គមដល់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (ទទួលមរណភាព) ដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី គូសបញ្ជាក់ថា ឯកឧត្តមនឹងបន្តចុះជួប ពិនិត្យវឌ្ឍនភាពមន្ទីរសង្គមកិច្ចតាមបណ្តាខេត្តផ្សេងៗទៀត ខណៈទីតាំងខ្លះត្រូវការអភិវឌ្ឍបន្ថែម ជាពិសេសទទួលដឹងនូវបញ្ហាប្រឈមដែលតាមមន្ទីរបានជួបប្រទះ ដើម្បីពិនិត្យដោះស្រាយ និងបណ្តុះបណ្តាលធនធានមន្រ្តីបន្ថែមទៀតដើម្បីភាពល្អប្រសើរ ៕
