ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន SINOMACH Heavy Equipment Co., Ltd. របស់ចិន អបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណេត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧
ភ្នំពេញ៖ លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group បានអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណេត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧នៃរដ្ឋសភា ។
ការអបអរសាទរនេះបានធ្វើឡើងក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបសម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ លោក ហាន ស៊ាជុន (Han Xiaojun) ដែលជាភ្ញៀវទីមួយ សម្តេចធិបតី ទទួលជួប នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ ។
លោក ហាន ស៊ាជុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រសាសន៍នេះ ក៏ដូចជាការណ៍ដែល សម្តេចធិបតី បានចំណាយវេលាដ៏មានតម្លៃ ឱ្យលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក ហាន ស៊ាជុន ក៏បានឆ្លៀតយកឱកាសនេះ អបអរសាទរ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា, ព្រមទាំងជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក ។
ទន្ទឹមនេះ, លោក ហាន ស៊ាជុន បានរាយការណ៍ជូន សម្តេចធិបតី ដ៏ខ្ពង់ខ្ពស់ អំពីប្រវត្តិ និងដំណើរការអាជីវកម្ម ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុន SINOMACH Heavy Equipment Group នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ មក, ដែលបច្ចុប្បន្នមានគម្រោងជាច្រើន ក្នុងទំហំទឹកប្រាក់រហូតដល់ជិត ៣ ប៊ីលានដុល្លារអាមេរិក ។ ដោយមានការគាំទ្រ និងកិច្ចសម្របសម្រួលយ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាល, ក្រុមហ៊ុនបានរីកលូតលាស់ និងបានសម្រេចនូវសមិទ្ធផលជាទីមោទនៈជាច្រើន, ជាពិសេស នៅក្នុងការសាងសង់បណ្តាញអគ្គិសនី និងរោងចក្រថាមពលអគ្គិសនី ។
ជាកិច្ចឆ្លើយតប, សម្តេចធិបតី បានបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងការបន្តគាំទ្រ សហការ និងសម្របសម្រួលជាមួយក្រុមហ៊ុន ចំពោះរាល់គម្រោងទាំងអស់ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
